វិមានក្រឹមឡាំងរបស់រុស្ស៊ី កាលពីថ្ងៃអង្គារ (២៤ តុលា) បានបដិសេធរបាយការណ៍មួយដែលថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មានជំងឺ ហើយបានសើចចំអកចំពោះពាក្យចចាមអារ៉ាមដែលថា លោកពូទីនបានប្រើតួជំនួស ដើម្បីបិទបាំងរូបពិតរបស់លោកនៅក្នុងការបង្ហាញខ្លួនជាសាធារណៈ។

នៅពេលត្រូវបានសាកសួរអំពីរបាយការណ៍គ្មានប្រភពមួយពីបណ្តាញផ្ញើសារតេឡេក្រាម របស់រុស្ស៊ី ដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួន ដែលថា លោកប្រធានាធិបតីមានជំងឺធ្ងន់ធ្ងរកាលពីល្ងាចថ្ងៃអាទិត្យ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា «លោកប្រធានាធិបតីមានសុខភាពល្អណាស់ ហើយរបាយការណ៍នោះគឺជារឿងក្លែងក្លាយមួយផ្សេងទៀតប៉ុណ្ណោះ»។
លោក ពូទីន ដែលជាអ្នកចូលចិត្តកីឡាយូដូ និងបានបង្កើតរូបភាពសម្រាប់ខ្លួនថាជា «អ្នកប្រយុទ្ធដ៏សកម្ម» ជាយូរមកហើយនោះ បានឈានចូលវ័យ ៧១ឆ្នាំ កាលពីថ្ងៃទី៧ ខែតុលា។ លោកមានកាលវិភាគប្រជុំដ៏មមាញឹក និងបានបង្ហាញខ្លួនជាសាធារណៈជាច្រើនលើក ដែលភាគច្រើនបានចាក់ផ្សាយតាមទូរទស្សន៍។ កម្មវិធីថ្មីៗរបស់លោកពូទីន រួមមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីសប្តាហ៍មុន ជាមួយនឹងការឈប់សំចតនៅក្នុងទីក្រុងចំនួនពីររបស់រុស្ស៊ីនៅតាមផ្លូវត្រឡប់មកវិញផងដែរ។
នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០២០ លោកពូទីនបានបដិសេធពាក្យចចាមអារ៉ាមជាយូរមក ដែលថាលោកប្រើតួអង្គជំនួសខ្លួន ប៉ុន្តែលោកបាននិយាយថា លោកធ្លាប់បានធ្វើបែបនោះម្ដងកាលពីអតីតកាល នៅក្នុងហេតុផលសុវត្ថិភាពរបស់ខ្លួនប៉ុណ្ណោះ៕
