បាល់ទាត់៖ Aston Villa បានឈានដល់កិច្ចព្រមព្រៀងហើយ ក្នុងការនាំយកកីឡាករឆ្នើមបំផុតនៅក្របខណ្ឌ League Championship, Emiliano Buendia ពី Norwich City ក្នុងតំលៃ ៣៣លានផោនដែលជាតំលៃបំបែកកំណត់ត្រាក្លិប។

កីឡាករវ័យ ២៤ឆ្នាំរូបនេះគឺជាសមាជិកសំខាន់របស់ Norwich City ក្នុងការឈ្នះជើងឯក League Championship ឡើងមកកាន់ English Premier League។ កិច្ចព្រមព្រៀងនេះត្រូវបានគេដឹងថា អាចឈានដល់ ៣៨លានផោនបូកនឹងប្រាក់បន្ថែមផ្សេងទៀត បន្ទាប់ពីការធ្វើ តេស្តសុខភាពធ្វើរួចរាល់នៅទឹកដីអាហ្សង់ទីន។ Aston Villa ធ្លាប់ចំណាយច្រើនបំផុតក្នុងការនាំចូលកីឡាករគឺ ៣២លានផោននៅពេល Ollie Watkins ផ្ទេរពី Brentford រដូវកាលមុន។
Emiliano Buendia គឺជាសមាជិករបស់ Norwich City ដែលជួយក្រុមឡើងមកកាន់ English Premier League ពីរលើក ដោយធ្លាប់បានបង្ហាញខ្លួននៅ Premier League ៣៦លើកក្នុងរដូវកាល ២០១៩-២០២០ ដែល Norwich ធ្លាក់ទៅវិញ។ រំលឹកដែរថា Emiliano Buendia ត្រូវបាន Norwich City ទិញពី Getafe ក្នុងតំលៃ ១.៥លានផោនប៉ុណ្ណោះកាលពីឆ្នាំ២០១៨៕
អត្ថបទ៖នាង សុភាវុធ