នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim បានចូលរួមជាមួយអ្នកគាំទ្រប៉ាឡេស្ទីន ១៦.០០០នាក់ កាលពីថ្ងៃអង្គារដើម្បីថ្កោលទៅទង្វើដ៏ឃោឃៅរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ ត្រូវបានសន្និដ្ឋានថាបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងបានក៏បានរិះគន់ក្រុមអ្នកគាំទ្រលោកខាងលិច របស់ប្រទេសនេះ។

ការប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានីកូឡាឡំពួ របស់ប្រទេសម៉ាឡេស៊ី គឺជាការប្រមូលផ្តុំគ្នាច្រើនបំផុត ក្នុងការធ្វើបាតុកម្មជាបន្តបន្ទាប់ ធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានពលរដ្ឋមូស្លីមភាគច្រើន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ប្រទេសម៉ាឡេស៊ី គឺជាអ្នកគាំទ្រប៉ាឡេស្ទីដ៏សំខាន់ជាយូរណាស់មកហើយ និងបានអំពាវនាវឲ្យមានដំណោះស្រាយរដ្ឋ២ចំពោះជម្លោះនេះ រវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប្រទេសនេះពុំមាន ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីស្រាអែលនោះទេ។ 
លោក Anwar កាលពីសប្តាហ៍មុន បាននិយាយថា លោកបានច្រានចោលសម្ពាធរបស់លោកខាងលិចដើម្បីឲ្យថ្កោលទោសក្រុមហាម៉ាស់។ លោក បាននិយាយទៅកាន់មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh កាលពីដើមខែនេះ និងបានអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់ការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ហ្កាហ្សា និងអំពាវនាវឲ្យមានការបង្កើតច្រករបៀងមនុស្សធម៌។