កងទ័ពហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់របស់យ៉េម៉ែន កំពុងលេចចេញជាការគំរាមកំហែងតែមួយគត់ចំពោះផលប្រយោជន៍របស់អ៊ីស្រាអែល និងអាមេរិក ទោះបីជាមានចម្ងាយជិត ១.៤០០ ម៉ាយពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសក៏ដោយ ខណៈដែលក្រុងតេអេរ៉ង់ ប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់ខ្លួន នៅពីក្រោយជម្លោះមជ្ឈិមបូព៌ាដ៏ធំនេះ។

ក្រុមហ៊ូធី បានធ្វើឲ្យមន្ទីរបញ្ចកោណភ្ញាក់ផ្អើល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយបានបាញ់បង្ហោះយានដ្រូនវាយប្រហារ និងមីស៊ីលរយៈចម្ងាយឆ្ងាយពីប្រទេសយ៉េម៉ែន ដែលមន្ត្រីការពារជាតិអាមេរិកនិយាយថា គោលដៅសម្រាប់អ៊ីស្រាអែល ប៉ុន្តែត្រូវបានស្ទាក់ចាប់ដោយនាវា USS Carney ដែលជានាវាពិឃាតបំពាក់ដោយមីស៊ីលតម្រង់គោលដៅបញ្ជាពីចម្ងាយរបស់អាមេរិក ឆ្លងកាត់សមុទ្រក្រហម។

ក្រុម ហ៊ូធី បានគំរាមកំហែងនាពេលកន្លងមក ដើម្បីវាយប្រហារអ៊ីស្រាអែល ក្នុងការជួយដល់ទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា រួមទាំងក្រុមហាម៉ាស នៅក្នុងទឹកដីប៉ាឡេស្ទីន និងក្រុមហេសបូឡា នៅលីបង់។
មន្ត្រីអាមេរិក និងមជ្ឈិមបូព៌ា ដែលតាមដានក្រុមហ៊ូធី និងសម្ព័ន្ធមិត្តយោធារបស់ពួកគេជាមួយអ៊ីរ៉ង់ បាននិយាយថា នេះគឺជាលើកទីមួយហើយ ដែលពួកគេបានធ្វើសកម្មភាព និងបង្ហាញសមត្ថភាពរយៈចម្ងាយឆ្ងាយនេះ។