
កំពង់ចាម៖ មានប្រសាសន៍ក្នុងអំឡុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១០០ ០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ប្រទេសជាច្រើន ដែលមានពលរដ្ឋ និងនិស្សិត ដែលកំពុងស្ថិតនៅប្រទេសអ៊ីស្រាអែល មិនបានដឹកជញ្ជូនពលរដ្ឋ និងនិស្សិតរបស់ខ្លួន ចេញពីប្រទេសអ៊ីស្រាអែលនោះឡើយ ដោយសារស្ថានភាពនៅទីនោះ បានវិលទៅរកភាពប្រក្រតីជាធម្មតាឡើងវិញហើយ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី នាយករដ្ឋមន្ត្រី រួមទាំងរដ្ឋមន្ត្រីការបរទេស នៃប្រទេសមហាអំណាចទៅកាន់ប្រទេសអ៊ីស្រាអែល បញ្ជាក់ពីសុវត្ថិភាពនៅទីនោះ។
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កងកម្លាំងហាម៉ាស់របស់ប៉ាឡេស្ទីន បានវាយសម្រុកចូលលើតំបន់ Gaza ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ដោយបានបណ្ដាលឱ្យមានពលរដ្ឋអ៊ីស្រាអែលប្រមាណ ១០០ ០ នាក់បានបង់ជីវិត និងជាច្រើនពាន់នាក់បានរងរបួស។ ក្រៅពីពលរដ្ឋអ៊ីស្រាអែល ក៏មានពលរដ្ឋ និងនិស្សិតរបស់បណ្ដាប្រទេសមួយចំនួនបានរងគ្រោះថ្នាក់ និងស្លាប់ផងដែរ ក្នុងនោះក៏មាននិស្សិតកម្ពុជា មួយរូបដែរ។
ក្រោយការវាយសម្រុករបស់កងកម្លាំងហាម៉ាស់រួចមក កងកម្លាំងអ៊ីស្រាអែលក៏បានវាយបកទៅក្រុម ហាម៉ាស់ ដែលស្ថិតនៅក្នុងតំបន់ Gaza ដែលគ្រប់គ្រងដោយប៉ាឡេស្ទីនវិញ។ សង្គ្រាមនៅទីនោះ កំពុងតែបន្តនៅឡើយមកទល់នឹងថ្ងៃទី២៥ ខែតុលានេះ៕ដោយ៖ គង់ ឌិន