ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន ២៧ ផ្សេងទៀត ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ផ្សេងទៀតសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយដោយបណ្ដាគណបក្សនយោបាយនៅកម្ពុជា បានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការចងសម្ព័ន្ធគ្នាជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជានាពេលនេះ បណ្ដាគណបក្សនយោបាយនានានឹងក្លាយជាដៃគូសហការល្អជាមួយគណបក្សប្រជាជនកម្ពុជា និងរួមគ្នាធ្វើឱ្យដំណើរការល្អក្នុងការ អនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា