ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសរួមគ្នាជាមួយបណ្តាបក្សនយោបាយសម្ព័ន្ធទាំង ២៧ ទៀត ដែលបានធ្វើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា រួមគ្នាការពារនូវរបបរាជានិយមឱ្យបានដាច់ខាត ខណៈកន្លងមកតែងតែមានក្រុមជ្រុលនិយម បដិវត្តពណ៌ទាមទារឱ្យព្រះមហាក្សត្រចុះចេញពីព្រះរាជបល្ល័ង្គ។
ក្នុងពិធីធ្វើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជា និងបណ្តាបក្សនយោបាយ២៧ផ្សេងទៀតនៅវិមាន៧មករា ទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៥តុលានេះ សម្តេច បានបញ្ជាក់ថា ទន្ទឹមនឹងការនិយាយពីរបបប្រជាធិបតេយ្យ សរីពហុបក្ស ក៏ត្រូវនិយាយាពីការរួមគ្នាការពារនូវរបបរាជានិយមឱ្យខាងតែបានផងដែរ។
សូមជម្រាបថា កិច្ចព្រមព្រៀងដែលបណ្តាបក្សនយោបាយទាំង ២៨ បានស្ម័គ្រចិត្ត ធ្វើកិច្ចសហប្រតិបត្តិការនិងចងសម្ព័ន្ធភាព នៅថ្ងៃនេះមានចំនួន ៨ ចំណុចរួមមានការពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វាយភាព របស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន៕ អត្ថបទ៖ មុត សុទ្ធ