ភ្នំពេញ៖ អ្នកវិភាគបញ្ហានយោបាយ និងទំនាក់ទំនាក់អន្តរជាតិ លើកឡើងថា ការចងសម័្ពន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា ឆ្លុះបញ្ចាំងពីសង្គមប្រជាធិបតេយ្យ។
ស្របពេលថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានចុះកិច្ចសហប្រតិបត្តិការ ចងសម្ព័ន្ធភាពជាមួយគណបក្សចំនួនជាង២៧ ផ្សេងទៀត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះលោកបណ្ឌិត យង់ ពៅ អ្នកវិភាគនិងតាមដានបញ្ហានយោបាយ បានលើកឡើងថា ការចងសម្ព័ន្ធរួមគ្នាបង្ហាញថា គណបក្សនយោបាយនានាមាននិន្នាការប្រហាក់ប្រហែលគ្នា។ លោកបន្តថា សម្ព័ន្ធភាពនេះ ក៏ជាការបង្ហាញនិន្នាការតាមបែបសង្គមប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
លោកបណ្ឌិត តឹក ម៉េង អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បានលើកឡើងដែរថា ការចងសម្ព័ន្ធភាពរបស់គណបក្សនយោបាយពុំមានអ្វីគួរឱ្យខុសឆ្គងនោះទេ ដោយសារការចងសម្ព័ន្ធត្រូវផ្អែកតាមការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។
សូមជម្រាបថា នៅថ្ងៃនេះគណបក្សប្រជាជនកម្ពុជា បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន ២៧ ផ្សេងទៀត ខណៈការចងសម្ព័ន្ធគ្នាជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជានាពេលនេះ បណ្ដាគណបក្សនយោបាយនានានឹងក្លាយជាដៃគូសហការជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើឱ្យដំណើរការល្អនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ៕អត្ថបទ សេក ឧត្តម