រដ្ឋាភិបាលម៉ិកស៊ិក បានបញ្ជូនកងកម្លាំងឆ្មាំជាតិចំនួន ៣០០នាក់ ដើម្បីពង្រឹងរដ្ឋ ហ្គ៊ារ៉េរ៉ូ ( Guerrero) ភាគខាងត្បូង កាលពីថ្ងៃអង្គារ ស្នងការនគរបាលតំបន់ម្នាក់ និងមន្ត្រី១២នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងការវាយឆ្មក់ដ៏ឃោរឃៅមួយថ្ងៃមុននេះ។
វាគ្រាន់តែជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារចំនួនបីកាលពីថ្ងៃចន្ទ នៅក្នុងតំបន់ ដែលមានអំពើហិង្សាកាន់តែខ្លាំងឡើងនៃប្រទេសនេះ។

ដោយប្រកាសពីការពង្រឹងនៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹករបស់ខ្លួន លោកប្រធានាធិបតី អង់ដ្រេ ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andrés Manuel López Obrador) បានកាន់ទុក្ខជនរងគ្រោះ ហើយបានហៅការវាយប្រហារនេះថាជា«ការវាយឆ្មក់ជាក់ស្តែង»។

អគ្គមេធាវីរដ្ឋហ្គ៊ារ៉េរ៉ូ បានចាប់ផ្តើមការស៊ើបអង្កេតមួយ កាលពីថ្ងៃចន្ទ បន្ទាប់ពីសាកសពទាំង ១៣នាក់ ត្រូវបានរកឃើញនៅលើផ្លូវហាយវ៉េមួយក្នុងទីក្រុងអែលប៉ាប៉ាយ៉ូ (El Papayo) ដែលស្ថិតនៅក្នុងសង្កាត់ ហ្គ៊ារ៉េរ៉ូ នៃទីក្រុង កូយូកាដេ បេននីតេហ្ស (Coyuca de Benítez) នៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក។ មនុស្សពីរនាក់ទៀត បានរងរបួសនៅក្នុងការវាយប្រហារនេះ។