អភិបាលតំបន់ និងកងទ័ពបាននិយាយកាលពីថ្ងៃអង្គារ (២៤ តុលា) ថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលសង្ស័យ បានសម្លាប់មនុស្ស ២៦នាក់ ដោយប្រើកាំបិតនៅក្នុងការវាយប្រហាររយៈពេលមួយយប់នៅក្នុងតំបន់ អូអ៊ីឆា (Oicha) ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

ពួកគេបានសន្មតថា ការសម្លាប់នេះ គឺមកពីកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ដែលជាក្រុមមានដើមកំណើតមកពីប្រទេសអ៊ូហ្គង់ដា ដោយឥឡូវនេះមានមូលដ្ឋាននៅភាគខាងកើតប្រទេសកុងហ្គោ ដែលបានសន្យាភក្ដីភាពចំពោះក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងបានបង្កើនការវាយប្រហារជាញឹកញាប់។

អ្នកនាំពាក្យកងទ័ពក្នុងតំបន់ លោក Antony Mwalushayi បាននិយាយថា ការវាយប្រហារលើជនស៊ីវិលនៅតំបន់ Oicha នេះ ត្រូវបានគេជឿថាជាការសងសឹកចំពោះការវាយប្រហាររបស់កងទ័ពនាពេលថ្មីៗនេះប្រឆាំងនឹងកងកម្លាំង ADF។ លោកបានប្រាប់អ្នកយកព័ត៌មានថា អ្នកវាយប្រហារបានធ្វើការកាប់សម្លាប់ដោយប្រើកាំបិតជំនួសឱ្យកាំភ្លើង ដើម្បីកុំឱ្យមានការភ្ញាក់ផ្អើលដល់កងទ័ពដែលនៅក្បែរនោះ។
ការវាយប្រហារនេះ កើតឡើងនៅវេលាម៉ោង១១យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃចន្ទ នេះបើតាមលោក Nicolas Kikuku អភិបាលតំបន់ Oicha ដែលស្ថិតនៅក្នុងខេត្ត ណស ខីវ (North Kivu)។ លោកបានប្រាប់សារព័ត៌មានរ៉យទ័រ ថា មនុស្ស៤នាក់បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ថែមពីលើអ្នកស្លាប់ទាំង ២៦នាក់នោះផងដែរ៕