កណ្ដាល ៖ មកដល់ពេលនេះ នៅតាមបណ្តាមន្ទីរពេទ្យបង្អែក និងមណ្ឌលចាក់វ៉ាក់សាំងការពារកូវីដ-១៩នានា នៅក្នុងខេត្តកណ្តាល មិនទាន់បានបើកដំណើរការចាក់ជូនពលរដ្ឋខ្លួនឡើងវិញនោះទេ ប៉ុន្តែសម្រាប់តែក្រុងតាខ្មៅ ខេត្តកណ្តាល អាចនឹងមានវ៉ាក់សាំងការពារកូវីដ-១៩ ចាក់ជូនពលរដ្ឋឡើងវិញនៅក្នុងសប្តាហ៍នេះ នៅពេលវ៉ាក់សាំងមកដល់ ហើយ ខេត្តនឹងរៀបចំចាក់មុនគេ ជូនកម្មករ និងអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា នៅពេលនេះ ខេត្តកណ្តាល បាននឹងកំពុងរៀបចំមណ្ឌលចាក់វ៉ាក់សាំងជាច្រើនទីតាំងទៀត នៅតាមមន្ទីរពេទ្យបង្អែក តាមមណ្ឌលសុខភាព តាមរោងចក្រ វត្តអារាម និងតាមបណ្តាសាលារៀននានា ដែលនៅជិតលំនៅឋានរបស់ប្រជាពលរដ្ឋ ដើម្បីចាក់ជូនពលរដ្ឋទូទៅដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ជាពិសេសពលរដ្ឋជាកម្មករបំរើការតាមរោងចក្រ និងអ្នកទោសកំពុងជាប់ឃុំនានាទៀត នៅក្នុងខេត្តកណ្តាល។
ឯកឧត្តម បន្តថា នៅពេលនេះ រដ្ឋបាលខេត្តកណ្តាល កំពុងរងចាំវ៉ាក់សាំងមកដល់ ហើយនៅពេលវ៉ាក់សាំងនោះ មកដល់ខេត្តកណ្តាលពេលណា គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យជំនាញ នឹងធ្វើការចាក់ជូនពលរដ្ឋទូទៅនៅក្នុងខេត្តកណ្តាល។
បើតាមការបញ្ជក់ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា វ៉ាក់សាំងការពារកូវីដ១៩ដែលយើងបញ្ជាទិញនោះ នៅថ្ងៃទី៨ ខែមិថុនាស្អែកនេះ នឹងមកដល់ប្រមាណ៥០ម៉ឺនដូសបន្ថែមទៀត ហើយវ៉ាក់សាំងនោះគឺយើងផ្តោតនៅក្នុងរាជធានីភ្នំពេញ ហើយក្រសួងនឹងមានការបែងចែកវ៉ាក់សាំងខ្លះចាក់ជូនពលរដ្ឋនៅក្នុងក្រុងតាខ្មៅ នៃខេត្តកណ្តាលផងដែរ។
សម្រាប់វ៉ាក់សាំងដែលនឹងមកដល់នាពេលខាងមុខនេះ នឹងដំណើរការចាក់ជូនប្រជាពលរដ្ឋទូទៅ នៅខណ្ឌចំនួន៣ទៀតក្នុងរាជធានីភ្នំពេញគឺ ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វា និងខណ្ឌព្រែកព្នៅ សំរាប់ដូសទី១ នៅថ្ងៃទី១០ មិថុនា ហើយចំពោះក្រុងតាខ្មៅ ក៏អាចនឹងបើកដំណើរការចាក់នៅសប្តាហ៍នេះ ផងដែរ៕
អត្ថបទ ស៊ុម សុខជា