ក្រុមអ្នកពន្លត់អគ្គិភ័យ និងអ្នកស្ម័គ្រចិត្តនៅប្រទេសបូលីវី បានបន្តទប់ទល់នឹងចំហេះដែលកំពុងបន្តឆាបឆេះ កាលពីថ្ងៃអង្គារ (២៤ តុលា) នៅក្នុងព្រៃនៅជិតឧទ្យានជាតិម៉ាឌីឌី (Madidi) ដែលជាតំបន់ការពារ នៅភាគពាយ័ព្យនៃប្រទេសបូលីវី ដោយរួមបញ្ចូលផ្នែកខ្លះនៃតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសនេះផងដែរ។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា មានចំហេះព្រៃសកម្មចំនួន ១៦កន្លែង នៅក្នុងតំបន់ចំនួន ៤ នៃប្រទេសបូលីវី ដោយតំបន់ឡាប៉ាស (La Paz) ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

ក្រុមអ្នកស្រុកបាននិយាយថា ចំហេះបានឆាបឆេះដំណាំយ៉ាងសន្ធោសន្ធៅ ហើយកំពុងខិតទៅជិតឧទ្យានជាតិ Madidi ដែលជាតំបន់បម្រុងជីវចម្រុះដ៏សំខាន់បំផុតមួយរបស់ប្រទេសនេះ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានបញ្ចូនទៅកន្លែងចំហេះដើម្បីជួយក្រុមពន្លត់អគ្គឮិភ័យ និងក្រុមអាជ្ញាធរនៅលើដីផងដែរ៕