ការប៉ះទង្គិចរវាងនាវាចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ បានបង្ហាញពីចេតនាអាក្រក់របស់សហរដ្ឋអាមេរិក ក្នុងការប្រែក្លាយហ្វីលីពីនទៅជា «ក្បាលម៉ាស៊ីន» ក្នុងការញុះញង់ប្រទេសចិន ខណៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចាប់ពី «ចលនាសៃហ្គន» រហូតដល់ការដកថយចេញពីប្រទេសអាហ្វហ្គានីស្ថាន បានបង្ហាញម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកគឺមិនអាចទុកចិត្តបានទាល់តែសោះ នេះបើតាមការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន (CMG) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (២៤ តុលា)។

ឧបទ្ទវហេតុនៅសមុទ្រចិនខាងត្បូង និងការឆ្លើយតបពីសហរដ្ឋអាមេរិក និងហ្វីលីពីន មើលទៅហាក់បីដូចជាការបំភាន់មួយដើម្បីបន្ទោសប្រទេសចិន ខណៈវីដេអូដែលចេញផ្សាយដោយឆ្មាំល្បាតឆ្នេរចិន បង្ហាញយ៉ាងច្បាស់ថា កាលពីថ្ងៃទី២២ ខែតុលា នាវាហ្វីលីពីនបានបើកបំបុកបុកយ៉ាងគ្រោះថ្នាក់ទៅលើនាវាចិន ដោយមិនគោរពការព្រមានរបស់ចិន ជាហេតុនាំឱ្យមានការប៉ះទង្គិចនេះកើតឡើង។

មួយរយៈកន្លងមកនេះ បណ្ដាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានទៅទស្សនកិច្ចបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាញឹកញាប់។ ចេតនាចម្បងរបស់អាមេរិក គឺដើម្បីបង្ខិតបង្ខំប្រទេសផ្សេងទៀតឱ្យជ្រើសរើសបង្អែករវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីសាបព្រួសភាពមិនចុះសម្រុងរវាងប្រទេសទាំងនេះ ជាមួយចិន ដែលបំផ្លាញដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕
