ក្រសួងការពារជាតិចិន នៅថ្ងពុធ ទី២៥តុលានេះ បានរិះគន់របាយការណ៍ក្រសួងការពារជាតិអាមេរិក ស្ដីពីប្រទេសចិនដោយនិយាយថារបាយការណ៍នេះ ប៉ះពាល់ដល់គោលនយោបាយសន្តិសុខនិងយុទ្ធសាស្ត្រយោធារបស់ប្រទេសចិន។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនទៅកាន់សភាអាមេរិក ថារយៈពេលជាង១០ឆ្នាំទៀត សាធារណរដ្ឋប្រជាមានិតចិននឹងធ្វើទំនើបកម្មអាវុធ បង្កើនសមត្ថភាពគ្រឿងសព្វាវុធ និងពង្រីកឥទ្ធិពលអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់រហ័សដោយដាក់ចេញនូវមហិច្ឆតារបស់ប្រទេសចិន រួមទាំង គោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រយោធារបស់ខ្លួន។

មន្ទីរបញ្ចកោណ លើកឡើងថា ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរជាង៥០០គ្រាប់ និងអាចមានក្បាលគ្រាប់ដល់ទៅជាង១.០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣០។ របាយការណ៍ដដែលនេះ និយាយថា ប្រទេសចិន នឹងប្រើម៉ាស៊ីនរ៉េអាក់ទ័រមានសមត្ថភាពខ្ពស់បំផុតថ្មី និង ដំណើរការឡើងវិញរាល់រោងចក្រទាំងឡាយដើម្បីផលិតផ្លុយតូនីញ៉ូម សម្រាប់ផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន ទោះបីជាខ្លួនបាននិយាយជាសាធារណៈថាបច្ចេកវិទ្យានានា ស្ថិតក្នុងចេតនាសម្រាប់គោលបំណងសន្តិវិធីយ៉ាងណាក្ដី។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកវ៉ូជៀន (Wu Qian) បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា យើងបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះរបាយការណ៍នេះ ដោយបន្ថែមថាការលើកឡើងរបស់អាមេរិកនេះ បំផ្លើសការពិត និង បំប៉ោងការគំរាមកំហែងដោយយោធារបស់ចិន ដែលពុំមានទាល់តែសោះ ។
គួររម្លឹកថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានចោទប្រកាន់ដាក់គ្នានៅពេលថ្មីៗនេះ ជុំវិញក្ដីបារម្ភសន្តិសុខជាតិ អន្តរកម្មយោធា នៅក្នុងសមុទ្រចិនខាងត្បូង និងពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ ដែលប្រទេសចិនអះអាងថាជាដែនទឹករបស់ខ្លួន៕