រដ្ឋរាប់សិបរបស់សហរដ្ឋអាមេរិក កំពុងប្តឹងក្រុមហ៊ុនបណ្ដាញសង្គម Meta និងវេទិកា Instagram របស់ខ្លួន ដោយចោទប្រកាន់ពួកគេថា បានជំរុញឱ្យមានវិបត្តិសុខភាពផ្លូវចិត្តលើយុវជនដោយការធ្វើឱ្យកុមារញៀននឹងការប្រើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។

នៅក្នុងពាក្យបណ្តឹងមួយ ដែលបានដាក់កាលពីថ្ងៃអង្គារ (២៤ តុលា) អគ្គមេធាវីនៃរដ្ឋចំនួន៣៣ រួមទាំងរដ្ឋកាលីហ្វ័រនីញ៉ា និងរដ្ឋញ៉ូវយ៉ក បាននិយាយថា ក្រុមហ៊ុន Meta ដែលប្រតិបត្តិការបណ្ដាញសង្គម Facebook ផងដែរនោះ បានបំភាន់សាធារណជនម្តងហើយម្តងទៀត អំពីគ្រោះថ្នាក់នៃវេទិការបស់ខ្លួន ហើយមានចេតនាជំរុញកុមារ និងក្មេងជំទង់ ឱ្យញៀនជាមួយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនដោយបង្ខិតបង្ខំ។

កុមារគឺជាប្រជាសាស្រ្តដ៏ទាក់ទាញសម្រាប់អាជីវកម្មតាំងពីយូរយារណាស់មកហើយ ដែលអាជីវកម្មទាំងនោះសង្ឃឹមថា នឹងទាក់ទាញកុមារក្នុងនាមជាអ្នកប្រើប្រាស់នៅអាយុសបស្របមួយដែលពួកគេអាចមានការចាប់អារម្មណ៍ និងពង្រឹងភាពស្មោះត្រង់នៃការទិញទំនិញពីម៉ាកយីហោណាមួយ។
សម្រាប់ក្រុមហ៊ុន Meta អ្នកប្រើប្រាស់វ័យក្មេង អាចជួយបង្កើនអ្នកផ្សាយពាណិជ្ជកម្មកាន់តែច្រើនដល់ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ដែលសង្ឃឹមថាកុមារនឹងបន្តទិញផលិតផលនៅពេលពួកគេធំឡើង។
រដ្ឋចំនួនប្រាំបីផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី កំពុងដាក់ពាក្យបណ្តឹងស្រដៀងគ្នា ប្រឆាំងនឹងក្រុមហ៊ុន Meta នេះកាលពីថ្ងៃអង្គារ ហើយពួកគេបាននិយាយថា ការស្រាវជ្រាវបានផ្សារភ្ជាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម Meta របស់កុមារ ជាមួយនឹង «ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ ការគេងមិនលក់ ការរំខានដល់ការអប់រំ និងជីវិតប្រចាំថ្ងៃ ព្រមទាំងលទ្ធផលអវិជ្ជមានជាច្រើនទៀត» ប៉ុន្តែក្រុមហ៊ុន Meta បាននិយាយថា ខ្លួនពិតជា «ខកចិត្តយ៉ាងខ្លាំង» ចំពោះបណ្តឹងបែបនេះ៕