ភ្នំពេញ ៖ ៖វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំបើកសន្និសីទវិទ្យាសាស្រ្តស្តីពី «បច្ចុប្បន្នភាពនវានុវត្ថន៍ ក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា» ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យស្រាវជ្រាវ និងពង្រឹងសមត្ថភាពស្រាវជ្រាវរបស់និស្សិត អ្នកបច្ចេកទេស អ្នកជំនាញ និងអ្នកស្រាវជ្រាវ។ ។
ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឲ្យដឹងថា សន្និសីទវិទ្យាសាស្រ្តនេះ ជាព្រឹត្តិការណ៍លើកទី២ដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដោយអនុវត្តស្របតាមគោលនយោបាយ និងជាជ្រុងមួយនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តមថ្លែងថា សន្និសីទវិទ្យាសាស្រ្តនេះនឹងផ្តល់ឱកាសសម្រាប់អ្នកជំនាញឯកទេស អ្នកវិទ្យាសាស្រ្ត អ្នកសិក្សាស្រាវជ្រាវ វិស្វករ និស្សិត រួមទាំងអ្នកពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម ដើម្បីពិនិត្យមើលការវិវឌ្ឍថ្មីៗ ក្នុងវិស័យដែលទាក់ទង នឹងវិស្វកម្មអគ្គិសនី វិស្វកម្មអេឡិចត្រនិក វិស្វកម្មមេកានិក វិស្វកម្មសំណង់ស៊ីវិល និងស្ថាបត្យកម្ម ព្រមទំាងបច្ចេកវិទ្យាថ្មីៗ។
សូមជម្រាបថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានអាណាព្យាបាលបច្ចេកទេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឧបត្តម្ភធនដោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នវិទ្យាស្ថាន បានបណ្តុះបណ្តាលធនធានមនុស្សមានរយៈពេល១៧ ឆ្នាំ ក្នុងនោះមាននិស្សិតចំនួន ៩៥៤៩ នាក់ បានបញ្ចប់ការសិក្សានៅទីនេះ និងក្លាយជាធនធានមនុស្សបម្រើការងារតាមស្ថាបន័រដ្ឋ និងឯកជន ក្លាយជាកម្លាំងចលករដ៏ពិសេសរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា៕ ដោយ ៖ រដ្ឋា



















