ម៉ិចសុីក ៖ ប្រភពពីរដ្ឋាភិបាលរដ្ឋ បានប្រាប់សារព័តរ៌មានរ៉យទ័រថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មន្ត្រីនគរបាលក្នុងតំបន់យ៉ាងហោចណាស់ ១៣ នាក់នៅរដ្ឋ Guerrero ភាគខាងត្បូងប្រទេសម៉ិកស៊ិក នៅក្នុងការវាយប្រហារដ៏កម្រោលចុងក្រោយបំផុតនៅក្នុងតំបន់មួយដែលក្រុមជនអន្ធពាលកំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងលើការជួញដូរគ្រឿងញៀន។
ប្រភពបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងចំណោមអ្នកស្លាប់ ក៏មានប្រធានសន្តិសុខតំបន់នៅទីក្រុង Coyuca de Benitez ។ ប្រភពដដែលបានបន្តថា មុនការពួនស្ទាក់វាយប្រហារ ភ្នាក់ងារជាច្រើននាក់ត្រូវបានបញ្ជូនទៅដើម្បីឆ្លើយតបទៅនឹងការរាយការណ៍ពីការផ្ទុះអាវុធនៅក្នុងតំបន់នោះ។
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកកាលពីថ្ងៃអង្គារថា ឆ្មាំជាតិជាង៣០០នាក់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ។
អំពើហឹង្សាបានកើនឡើងនៅក្នុងរដ្ឋ Guerrero ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ខណៈចំនួនក្រុមជនអន្ធពាលឧក្រិដ្ឋកម្មកើនឡើង ប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងការធ្វើពាណិជ្ជកម្មអាភៀនដែលរកប្រាក់ចំណេញបានច្រើន ព្រមទាំងជាផ្លូវរត់ពន្ធទំនិញផ្សេងទៀត។

