ប្រមុខការទូតអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីន បានចោទប្រកាន់គ្នាទៅវិញទៅមក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈការប្រយុទ្ធគ្នានៅបន្តរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់។ សម័យប្រជុំថ្នាក់រដ្ឋមន្ត្រីនៅក្នុងទីក្រុងញ៉ូវយ៉កកាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងលើកឡើងដដែលៗពីការអំពាវនាវរបស់លោក ឲ្យមានបទឈប់បាញ់សម្រាប់ផ្នែកមនុស្សធម៌បន្ទាន់។
លោក បាននិយាយថា បញ្ហានេះវាចាំបាច់ដើម្បីធានាបានការដឹកជញ្ចូនជំនួយកាន់តែងាយស្រួល និងមានសុវត្ថិភាពទៅកាន់តំបន់ហ្កាហ្សា និងដើម្បីសម្រួលការដោះលែងចំណាប់ថ្នូរ ដែលចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាជ្ញាធរប៉ាឡេស្ទីន លោក Riyad al-Maliki បានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែល ពីបទដាក់គោលដៅទៅលើជនស៊ីវិល ក្នុងការវាយប្រហារមិនរើសមុខ ខុសច្បាប់ និងអមនុស្សធម៌។
លោក Maliki និយាយថាទង្វើរបស់អ៊ីស្រាអែល មានទាំងការដាក់ទណ្ឌកម្មរួម ដែលសំឡេងរបស់លោកញ័រដោយកំហឹង។ លោក បានិយាយថាគ្មានអ្វីអាចបង្ហាញពីភាពត្រឹមត្រូវការសម្លាប់ទាំងជនស៊ីវិល ប៉ាឡេស្ទីន និងអ៊ីស្រាអែលនោះទេ។
ក្នុងការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen ដែលរួមដំណើរដោយក្រុមគ្រួសារចំណាប់ថ្នូរអ៊ីស្រាអែល បានចាត់ទុកការវាយឆ្មក់ដ៏ឃោរឃៅ ធ្វើឡើងដោយក្រុមហាម៉ាស់ កាលពីដើមខែនេះ ថាជាការសម្លាប់រង្គាល ដែលនឹងចុះនៅក្នុងប្រវត្តិសាស្ត្រ។ ដោយប្រកាសថា ក្រុមហាម៉ាស់ ជា ណាស៊ីសថ្មី លោក Cohen បាននិយាយថាជាពិភពលោកមានអារ្យធម៌ខ្ពង់ខ្ពស់ ដែលបានរួបរួមគ្នា ដើម្បីផ្តួលរំលំរបសបណាស៊ីស វាត្រូវតែរួបរួមគ្នានៅពីក្រោយអ៊ីស្រាអែល ដើម្បីកម្ទេចក្រុមហាម៉ាស់។ លោកនិយាយបន្ថែមថាការបំផ្លាញក្រុមហាម៉ាស់ គឺជាសិទ្ធ និងកាតព្វកិច្ចរបស់អ៊ីស្រាអែល។