ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហាស្ស៊ីម៉ូតុ យ៉ូហ៊ី (HASHIMOTO Yohei) ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយបញ្ហាដល់កសិករ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៥ តុលា ឆ្នាំ២០២៣នេះ បានលើកឡើងក្នុងបណ្តាញសង្គមថា ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ដើម្បីសិក្សាអំពីប្រព័ន្ធស្រោចស្រពប្រកបដោយភាពសន្សំសំចៃពេញមួយឆ្នាំ ព្រមទាំងការប្រើប្រាស់ថាមពលសូឡាក្នុងផលិតកម្មកសិកម្ម ដើម្បីភាពងាយស្រួល និងកាត់បន្ថយថ្លៃដើមផលិត។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍សម្រាប់កិច្ចសហប្រតិបត្តិការ និងបន្តធ្វើការសហការជាមួយគ្នា ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា ជាគោលនយោបាយ គឺត្រូវធ្វើឱ្យថ្លៃដើមផលិតកម្មទាប មានខ្សែច្រវាក់តម្លៃល្អ ដើម្បីផ្តល់ចំណេញ និងភាពងាយស្រួលដល់កសិករ អ្នកផលិត។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការសិក្សាស្រាវជ្រាវច្បាស់លាស់ពីបញ្ហានិងតម្រូវការពិតប្រាកដ ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ជាអាទិ៍ ការគ្រប់គ្រងទឹកនិងអគ្គិសនី និងការអនុវត្តឱ្យស្របតាមគោលនយោបាយ ដោយត្រូវគិតគូរធ្វើយ៉ាងណាឱ្យថ្លៃដើមផលិតទាប បង្កើនផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច៕ ដោយ ៖ បូរ៉ាវី


