សៀមរាប ៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលគ្រឹះ និងរចនាសម្ព័ន្ធមួយចំនួនទៀត នៃតួប្រាសាទឥដ្ឋ នៅទិសអាគ្នេយ៍របស់ប្រាសាទបាគង ដែលរងការខូចខាតខ្លាំង ដោយសារអាយុកាលជាង១០០០ឆ្នាំ បញ្ចៀសពីការប្រឈមនឹងគ្រោះថ្នាក់ និងការខូចខាតជាបន្តទៀត។
បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស លោក សារាយ គឹមហួល បានឱ្យដឹងថា បច្ចុប្បន្ន តួប្រាសាទឥដ្ឋនេះ មានហានិភ័យខ្ពស់ ដោយគ្រឹះនៅជ្រុងអាគ្នេយ៍ បានហែក ហើយផ្ទៃជញ្ជាំង បានប្រេះរហែកប្រមាណ៤ទៅ៥កន្លែង ដែលទាមទារឱ្យក្រុមការងារជួសជុលសង្គ្រោះដោយប្រើរយៈពេលវែង។
លោកបានឱ្យដឹងទៀតថា នៅក្នុងដំណាក់កាលនេះ ក្រុមការងារ បានពង្រឹងគ្រឹះ ដែលហែកឡើងវិញ ដោយរៀបឥដ្ឋនៅកន្លែងដែលបានពុកផុយ ដើម្បីទល់ទ្រកម្លាំងសង្កត់របស់ជញ្ជាំង។ រីឯជញ្ជាំងដែលប្រេះរហែក គឺប្រើប្រាស់ដែកក្រវាត់ជុំវិញ ដើម្បីជួយទប់។ ក្រៅពីនេះក្រុមការងារ បានបិតភ្ជិតស្នាមប្រេះនៅតាមជញ្ជាំង និងពង្រឹងរចនាសម្ព័ន្ធជាច្រើនកន្លែងទៀត នៅផ្នែកខាងលើ នៃតួប្រាសាទ ដែលកំពុងមានស្ថានភាពពុកផុយខ្លាំងដែរ៕ ដោយ ៖ សាវី












