
រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ (២៥ តុលា) នេះថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺស្បែកដុំពក លើសត្វគោ ដោយប្រកាសថា មានករណីជំងឺប្រភេទនេះថ្មីចំនួន ២៩ករណី ត្រូវបានបញ្ជាក់ ចាប់តាំងពីការផ្ទុះឡើងត្រូវបានរាយការណ៍ជាលើកដំបូង នៅក្នុងកសិដ្ឋានចិញ្ចឹមគោមួយកន្លែង កាលពីសប្តាហ៍មុនមក។
មន្ត្រីក្រសួងកសិកម្ម លោក វ៉ុន ជែហាន (Kwon Jae-han) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមអាជ្ញាធរកំពុងពិភាក្សាជាមួយក្រុមហ៊ុនក្នុងស្រុក និងបរទេស ដើម្បីទទួលបានវ៉ាក់សាំងចំនួន ៤លានដូសនៅចុងខែនេះ ដែលជាបរិមាណគ្រប់គ្រាន់សម្រាប់សត្វគោទាំងអស់នៅក្នុងប្រទេស។
រដ្ឋាភិបាលបាននិយាយថា ពួកគេមានគម្រោងបញ្ចប់ការចាក់វ៉ាក់សាំងសត្វគោទាំងអស់ក្នុងប្រទេសនៅដើមខែក្រោយនេះ ហើយពួកគេរំពឹងថា ការផ្ទុះឡើងនៃជំងឺស្បែកដុំពកនេះ នឹងមានស្ថេរភាពក្នុងខែវិច្ឆិកា ដោយសារវ៉ាក់សាំងនោះ ត្រូវការរយៈពេលបីសប្តាហ៍ ដើម្បីបង្កើតអង្គបដិប្រាណសម្រាប់ការពារប្រឆាំងនឹងជំងឺ។
មេរោគឆ្លងខ្លាំង ដែលបណ្តាលឱ្យមានពងបែក និងកាត់បន្ថយការផលិតទឹកដោះសម្រាប់សត្វគោនេះ ត្រូវបានចម្លងដោយសត្វល្អិតបឺតឈាម ដូចជា សត្វមូស ចៃគោ និងរុយជាដើម ហើយវាមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕