
ជនជាតិអារ៉ាប់ និងជនជាតិមូស្លីម សញ្ជាតិអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តរបស់ពួកគេ កំពុងរិះគន់ការឆ្លើយតបរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ចំពោះសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ដោយស្នើឱ្យលោកខិតខំធ្វើបន្ថែមទៀត ដើម្បីការពារវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា បើមិនដូច្នោះទេលោកអាចប្រថុយនឹងការបាត់បង់ការគាំទ្ររបស់ពួកគេនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ខាងមុខនេះ។
ជនជាតិអារ៉ាប់ សញ្ជាតិអាមេរិក ជាច្រើន មានការខកចិត្តដែលលោក Biden មិនបានជំរុញឱ្យមានបទឈប់បាញ់មនុស្សធម៌ណាមួយឡើយ សូម្បីតែមានពលរដ្ឋប៉ាឡេស្ទីនជាច្រើន ត្រូវបានសម្លាប់ដោយភៀសខ្លួនពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា ស្ទ្រីប ក៏ដោយ នេះបើយោងតាមអ្នកអប់រំ សកម្មជន សមាជិកសហគមន៍ និងមន្ត្រីរដ្ឋបាលជាច្រើននាក់។
ការខកចិត្តកាន់តែខ្លាំងឡើងរបស់ពួកគេ អាចប៉ះពាល់ដល់ការប្រកួតប្រជែងដើម្បីកាន់តំណែងមួយអាណត្តិទៀតរបស់លោកប្រធានាធិបតីបក្សប្រជាធិបតេយ្យ Biden ដែលការស្ទង់មតិបង្ហាញថា លោកទំនងជាត្រូវប្រកួតប្រជែងគ្នាម្ដងទៀតជាមួយលោកអតីតប្រធានាធិបតី Donald Trump ។
សកម្មជនមួយចំនួនបាននិយាយថា ជនជាតិអារ៉ាប់ និងមូស្លីម សញ្ជាតិអាមេរិក ទំនងជាមិនគាំទ្រលោក Trump ទេ ប៉ុន្តែអាចមិនចូលរួមក្នុងការបោះឆ្នោត ហើយមិនបោះឆ្នោតឲ្យលោក Biden នោះទេ។
ជនជាតិអារ៉ាប់ សញ្ជាតិអាមេរិក ជាច្រើនបានថ្កោលទោសការវាយប្រហារថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស លើជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.៤០០នាក់ ប៉ុន្តែពួកគេបាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្ហាហ្សា គឺមិនសមហេតុផលនោះទេ ហើយការបរាជ័យរបស់លោក Biden ក្នុងការថ្កោលទោសការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនោះ បានបង្កឲ្យមានការចោទសួរជាច្រើនពីការសន្យារបស់លោក លើគោលនយោបាយការបរទេស ដែល «ផ្តោតលើសិទ្ធិមនុស្ស» របស់ប្រទេសនេះផងដែរ៕