
ទីភ្នាក់ងារអវកាសចិន (CMS) បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ (២៥ តុលា) នេះថា ឥឡូវនេះ ប្រទេសចិន កំពុងរៀបចំយ៉ាងរឹងមាំសម្រាប់ការចុះចតនៅលើឋានព្រះច័ន្ទ នៅឆ្នាំ២០៣០ និងស្វាគមន៍អវកាសយានិកមកពីជុំវិញពិភពលោក ដើម្បីចូលរួមក្នុងបេសកកម្មភពព្រះច័ន្ទរបស់ខ្លួន។
លោក លីន ស៊ីឈាំង (Lin Xiqiang) នាយករងនៃទីភ្នាក់ងារអវកាស CMSA បាននិយាយថា «យើងពង្រីកការអញ្ជើញរបស់យើងទៅកាន់ពិភពលោក និងស្វាគមន៍គ្រប់ប្រទេស និងតំបន់ ដែលបានប្តេជ្ញាចិត្តចំពោះការប្រើប្រាស់លំហអាកាសដោយសន្តិវិធី ដើម្បីសហការជាមួយយើង និងចូលរួមក្នុងបេសកកម្មស្ថានីយអវកាសចិន»។
លោក លីន ក៏បានប្តេជ្ញាថានឹងរួមបញ្ចូលអវកាសយានិកបរទេស នៅក្នុងបេសកកម្មចុះចតឋានព្រះច័ន្ទរបស់ប្រទេសនេះ នៅពេលដែលលក្ខខណ្ឌចាំបាច់ត្រូវបានបំពេញ។ ប្រទេសចិន គ្រោងនឹងសម្រេចការចុះចតលើឋានព្រះច័ន្ទនៅឆ្នាំ២០៣០ ខាងមុខ។ លោក លីន បានបញ្ជាក់សារជាថ្មីថា វិស្វកម្មអវកាសរបស់មនុស្ស ត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ហើយប្រទេសនេះក៏មិនបានដេញតាម ហើយក៏នឹងមិនបន្តអនុត្តរភាពនៅក្នុងលំហដែរ។
នាយករងនៃទីភ្នាក់ងារអវកាសចិនរូបនេះបានបន្ថែមថា កិច្ចសហការនោះរួមមាន ការហោះហើររួមគ្នារបស់អវកាសយានិក ការអភិវឌ្ឍន៍ និងការពិសោធន៍សម្រាប់បន្ទុកកម្មវិធីអវកាស ការគ្រប់គ្រងបរិស្ថានអវកាស និងការអប់រំវិទ្យាសាស្ត្រអវកាសសម្រាប់មនុស្សវ័យក្មេងផងដែរ៕