
កម្រិតនៃកង្វក់ខ្យល់នៅក្នុងរដ្ឋធានីឥណ្ឌា នៅតែស្ថិតក្នុងស្ថានភាព «មិនល្អ» នៅថ្ងៃពុធ (២៥ តុលា) នេះ រយៈពេលមួយថ្ងៃបន្ទាប់ពីរូបចម្លាក់របស់ស្តេចបិសាចហិណ្ឌូ រ៉ាវ៉ាណា (Ravana) ត្រូវបានដុតនៅទូទាំងប្រទេស ជាផ្នែកនៃពិធីបុណ្យជ័យជម្នះ ដូសេរ៉ា (Dussehra)។
ប្រជាជនបានចាប់ផ្តើមពាក់ម៉ាស់ជាវិធានការប្រុងប្រយ័ត្ន ដើម្បីជៀសវាងបញ្ហាផ្លូវដង្ហើម ស្របពេលមានការបំពុលយ៉ាងខ្លាំង ខណៈប្រជាជនមានការត្អូញត្អែរពីស្ថានភាពមិនស្រួលនៅក្នុងភ្នែក និងការដកដង្ហើម។
រដ្ឋាភិបាលក្រុងញ៉ូវ ដេលី្ល បានប្តេជ្ញាកាត់បន្ថយកង្វក់ដោយការអនុវត្តផែនការឆ្លើយតបសកម្មភាពតាមលំដាប់ថ្នាក់ (GRAP) ដែលលើកទឹកចិត្តអ្នកធ្វើដំណើរឱ្យប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ និងជៀសវាងយានយន្តឯកជន។
ផ្សែងអ័ព្ទដ៏ក្រាស់ ជាធម្មតាកកើតឡើងលើរដ្ឋធានីនៃប្រទេសឥណ្ឌាជារៀងរាល់រដូវរងា នៅពេលដែលមានកំណើនខ្យល់ត្រជាក់ ខ្យល់បក់នាំយកធូលី ការបំភាយយានយន្ត និងផ្សែងពីការដុតកម្ទេចដើមដំណាំក្នុងរដ្ឋជិតខាង ដែលបណ្តាលឱ្យមានការកើនឡើងនៃជំងឺផ្លូវដង្ហើម ក្នុងចំណោមប្រជាជនជាង ២០លាននាក់ក្នុងទីក្រុងរបស់ប្រទេសឥណ្ឌាមួយនេះផងដែរ៕