កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសពីករណីស្លាប់ស្ត្រីម្នាក់អាយុ ៦២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញនេះ តែ២ថ្ងៃប៉ុណ្ណោះក្រោយពីរកឃើញឆ្លងមេរោគកូវីដ-១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា ស្ត្រីអាយុ៦២ឆ្នាំរូបនេះ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុសកូវីដ-១៩ បន្ថែមទៅលើជំងឺប្រចាំកាយរបស់គាត់ផងដែរ។
បើតាមរដ្ឋបាលខេត្តកំពង់ចាម ស្ត្រីរូបនេះដែលមានលំនៅឋាននៅក្នុងភូមិត្រពាំងស្នោ ឃុំស្រម៉រ ស្រុកជើងព្រៃ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងទៀតថា ស្ត្រីរូបនេះ បានទៅចូលរួមពិធីបុណ្យសពអ្នកភូមិម្នាក់កាលពីថ្ងៃទី២២ ខែឧសភា ហើយបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី០១ ខែមិថុនា មុននឹងត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩៕
