ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យសហគមអឺរ៉ុប សហការជាមួយអគ្គនាយកដ្ឋានជំនាញ ដើម្បីសិក្សា និងស្វែងយល់បន្ថែមក្នុងការវិនិយោគនាំចេញកសិផលកម្ពុជាទៅសហគមអឺរ៉ុប។
ក្នុងបណ្តាញសង្គម នៅរសៀលថ្ងៃទី២៥ តុលា ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឲ្យដឹងថា ជំនួបការងារ រវាងប្រតិភូ EU-ASEAN Business Council និង EuroCham កម្ពុជា ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់អំពីគោលនយោបាយស្នូលរបស់កម្ពុជា ដែលផ្ដោតលើការអភិវឌ្ឍ ព្រមទាំងនិរន្តរភាពសន្តិសុខ និងសុវត្ថិភាពស្បៀង។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានសក្តានុពលនៅកម្រិត Up Stream និងមានសន្តិសុខស្បៀង ព្រមទាំងមានអតិរេកស្រូវប្រមាណ ៦,៥លានតោនក្នុងមួយឆ្នាំ ដែលជាឱកាសសម្រាប់អ្នកវិនិយោគលើការកែច្នៃ Down Stream ប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់នាំចេញ។ នៅក្នុងវិស័យកសិកម្ម ឯកឧត្តម បានបញ្ជាក់បន្ថែមថា កម្ពុជាផ្តោតសំខាន់លើគុណភាព រសជាតិ សុវត្ថិភាព តាមរយៈការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាជាងការបង្កើនបរិមាណ ជាអាទិ៍ ម្រេចកំពត អង្ករផ្ការំដួល និងសែនក្រអូបជាដើម។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសហគមន៍កសិកម្មតាមគម្រូថ្មី ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងកម្រិតទ្រង់ទ្រាយធំ ធានាគុណភាពតាមស្តង់ដាគោលនយោបាយសម្រាប់នាំចេញ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលនឹងផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។
បើតាមក្រសួងកសិកម្ម ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ដោយក្នុងនោះ តម្រូវឲ្យស្វែងយល់បន្ថែមក្នុងការវិនិយោគនាំចេញកសិផលកម្ពុជាទៅកាន់សហគមអឺរ៉ុប ពិសេសអង្ករ និងស្វាយចន្ទី ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត៕ ដោយ ៖ បូរ៉ាវី





