ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួបជាមួយលោកស្រី Ping M. Kitnikone ឯកអគ្គរដ្ឋទូតកាណាដាថ្មី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសស្វាគមន៍ និងលើកទឹកចិត្តដល់ប្រទេសកាណាដា ដែលគ្រោងនឹងបង្កើន ការវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា។
តាមរយៈឆាណែលតេលេក្រាមរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាយប់ថ្ងៃ ទី២៦ ខែតុលានេះ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តម សុខ ចិន្តាសោភា «បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនកាណាដា និងបានលើកទឹកចិត្តឱ្យភាគីកាណាដាបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូងរវាងក្រសួងការបរទេសទាំងពីរនាអនាគតពេលខាងមុខ»។
នៅក្នុងកិច្ចជំនួបនោះដែរ បានសម្តែងសេចក្ដីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកសាងសមត្ថភាព ទេសចរណ៍ ដល់ការដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាពជាដើម។
តាមប្រភពដដែលនេះ ភាគីទាំងពីរក៏បានគូសបញ្ជាក់ផងដែរ អំពីការត្រៀមខ្លួនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕ អត្ថបទ ៖ បាន ចក់





