សភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតជ្រើសរើសលោក ម៉ៃ ចនសុន (Mike Johnson) មកពីគណបក្សសាធារណរដ្ឋ ដែលជាអ្នកអភិរក្សនិយមមានបទពិសោធន៍ដឹកនាំតិចតួច ជាប្រធានសភាអាមេរិកថ្មី កាលពីថ្ងៃពុធ (២៥ តុលា) ដោយបញ្ចប់ភាពជាប់គាំងរយៈពេល ៣សប្តាហ៍ ដែលធ្វើឲ្យអង្គនីតិបញ្ញត្តិមួយនេះ មិនអាចបំពេញមុខងារជាមូលដ្ឋានណាមួយបាន។

ការបោះឆ្នោតតាមជួរគណបក្សដោយមានការគាំទ្រ ២២០សំឡេងទល់នឹង ២០៩សំឡេង បានធ្វើឲ្យលោក Johnson ទទួលជ័យជម្នះក្នុងមុខតំណែងដ៏មានឥទ្ធិពល ដែលនៅទំនេរ ចាប់តាំងពីអតីតប្រធានសភា លោក Kevin McCarthy ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃទី៣ ខែតុលា ដោយសមាជិកសភាមួយចំនួនតូចនៃសមាជិកគណបក្សសាធារណរដ្ឋ របស់លោកមក។
លោក Johnson វ័យ ៥១ឆ្នាំបានថ្លែងភ្លាមៗបន្ទាប់ពីឈ្នះតំណែងប្រធានសភានេះថា «យើងចង់ឱ្យសម្ព័ន្ធមិត្តរបស់យើងនៅជុំវិញពិភពលោកដឹងថា ស្ថាប័នសភាមួយនេះ កំពុងរាយការណ៍ម្តងទៀតទៅកាន់មូលដ្ឋានកាតព្វកិច្ចរបស់យើង»។

សកម្មភាពដំបូងរបស់ប្រធានសភាអាមេរិកថ្មីរូបនេះ គឺអំពាវនាវឱ្យមានច្បាប់ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែល ដែលបានបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួននៅតំបន់ហ្កាហ្សា បន្ទាប់ពីការសម្លាប់ឆ្លងព្រំដែន និងការចាប់ជំរិតដោយពួកសកម្មប្រយុទ្ធហាម៉ាស កាលពីដើមខែនេះ។ នៅក្នុងលិខិតទៅកាន់បណ្ដាសមាជិកសភា លោក Johnson បានប្តេជ្ញាជំរុញច្បាប់ចំណាយហួសកាលកំណត់ និងធានាថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងមិនបិទដំណើរការនោះទេ នៅពេលដែលការផ្តល់មូលនិធិបច្ចុប្បន្នផុតកំណត់នៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ៕
