អ៊ីស្រាអែល បានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួនលើគោលដៅក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ខណៈប្រទេសនេះបានត្រៀមលក្ខណៈសម្រាប់ការវាយលុយតាមដីគោក និងជនស៊ីវិលប៉ាឡេស្ទីន កាន់តែច្រើនត្រូវបានសម្លាប់ ហើយបណ្ដាមហាអំណាចពិភពលោកនៅអង្គការសហប្រជាជាតិ បរាជ័យក្នុងការទទួលបានផែនការផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ សម្រាប់តំបន់ហ៊ុមព័ទ្ធមួយនេះ។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្លែងកាលពីថ្ងៃពុធ (២៥ តុលា) នៅក្នុងសុន្ទរកថាដោយសម្លឹងមើលផ្លូវទៅមុខបន្ទាប់ពីសង្គ្រាម ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសថា នៅពេលអនាគត គួរតែមានការដាក់បញ្ចូលរដ្ឋអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីន ដាច់ដោយឡែកពីគ្នា ដែលសំដៅទៅលើដំណោះស្រាយរដ្ឋពីរ។

អ៊ីស្រាអែល បានប្តេជ្ញាថា នឹងកម្ចាត់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា នេះឲ្យបាត់ពីផែនដី ខណៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា អ៊ីស្រាអែល «កំពុងរៀបចំសម្រាប់ការវាយលុយថ្មើរជើង» ប៉ុន្តែនឹងមិនបញ្ជាក់លម្អិតថា នៅពេលណា មធ្យោបាយណា ឬវាយលុកចំនួនប៉ុន្មានដងនោះទេ។

នៅមុនសេចក្តីថ្លែងការណ៍នោះ សារព័ត៌មាន WSJ ដែលដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក និងអ៊ីស្រាអែល បានរាយការណ៍ថា អ៊ីស្រាអែល បានយល់ព្រមពន្យារពេលការឈ្លានពានតំបន់ហ្កាហ្សា សម្រាប់ពេលនេះ ដើម្បីឲ្យសហរដ្ឋអាមេរិក អាចប្រញាប់ប្រញាល់បញ្ចូនមីស៊ីល ទៅកាន់តំបន់ដើម្បីការពារកងកម្លាំងអាមេរិកនៅទីនោះ ដោយឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់ខ្លួនថា សង្រ្គាមនៅតំបន់ហ្កាហ្សា អាចនឹងរីករាលដាលទៅផ្នែកផ្សេងទៀតនៃមជ្ឈឹមបូព៌ាផងដែរ៕