សៀមរាប ៖ ថ្វីត្បិតតែត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំង ក្នុងខេត្តសៀមរាប កំពុងត្រូវបានជួយសង្គ្រោះបន្ទាន់ចេញពីគ្រោះធម្មជាតិទឹកគោករាក់ ប៉ុន្តែការសង្គ្រោះនេះ វាអាចធានាបានរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ លើស១៥ថ្ងៃ បើសិនជាគ្មានភ្លៀងធ្លាក់ទេនោះ វាជាគ្រោះអាសន្នដ៏ធំ ដែលពិបាកនឹងជួយសង្គ្រោះបន្ត។ នេះបើតាមការឱ្យដឹងពីអ្នកជំនាញ។
កាលពីម្សិលមិញ ក្រោមការផ្តល់កិច្ចសហការអន្តរាគមន៍ដោយគ្រឿងចក្រមួយគ្រឿងរបស់ក្រសួងកសិកម្ម ដែលមានមន្ត្រីរដ្ឋបាលជលផលចុះផ្ទាល់ផងនោះ អាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប និងសហគមន៍បឹងពារាំង បានដំណើរការជីកប្រឡាយនាំទឹកចេញពីស្រះមួយចំនួន ទៅជួយសង្គ្រោះបន្ទាន់នូវជីវិតត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំង ដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែកត្តាធម្មជាតិ គឺផ្ទៃបឹងរីងរាក់ និងអាកាសធាតុហួតហែង។
លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឱ្យដឹងថា រយៈពេលបីយប់កន្លងមកហើយ ត្រីមេពូជក្នុងបឹងពារាំង បានងាប់ជាបណ្តើរៗ ដោយក្នុងមួយយប់ៗ អាចក្នុងចំនួនប្រមាណជា៥០ក្បាល ស្មើនឹងប្រហែលជិត១០០គីឡូក្រាម។ ជាមួយគ្នានេះដែរ កាលណាទឹកបឹងរីងរាក់បែបនេះ ត្រីមេពូជ ដែលងាប់ មិនត្រឹមតែជាលទ្ធផលប្រឈមនឹងអាកាសធាតុប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ត្រូវប្រឈមនឹងការយាយីដោយសត្វភេរផងដែរ ដែលសត្វភេរទាំងនោះ មានប្រមាណជា១០០ក្បាលនៅក្នុងតំបន់នេះ។
លោកប្រធានសហគមន៍ បានបញ្ជាក់ថា នេះគឺជាការជួយសង្គ្រោះបឋម ដែលអាចបន្តឲ្យត្រីមេពូជទាំងនេះ មានដង្ហើមរស់ក្នុងរយៈពេលប្រហែលជា១៥ថ្ងៃទៀតប៉ុណ្ណោះ។ ប្រសិនបើគ្មានភ្លៀងធ្លាក់ទេនោះ វាជាគ្រោះអាសន្នយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនធ្លាប់មាន សម្រាប់ជីវិតត្រីមេពូជ នៃតំបន់អភិរក្សបឹងពារាំង។
លោក បានបញ្ជាក់ថា លើសពី១៥ថ្ងៃទៅមុខ ជម្រើសចុងក្រោយ គឺមានតែស្នើទៅគណៈអភិបាលខេត្តសៀមរាប សុំរថយន្តដឹកទឹក យកមកបញ្ចូលក្នុងបឹងនេះ ដែលមធ្យោបាយនេះ វាជាក្តីសង្ឃឹមដ៏តិចតួច ដើម្បីសង្គ្រោះត្រីមេពូជឆ្នាំនេះ និងជាមេរៀនពិសោធន៍សម្រាប់ឆ្នាំបន្ទាប់៕
អត្ថបទ៖ ងឹន គឹមឡេង