ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុម ប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ជំនាន់ទី១ និងបើកវគ្គបណ្តុះ បណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា នៅសា លាភូមិន្ទរដ្ឋបាលនាថៃ្ងព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ ២០២៣នេះ។
ពិធីនេះមានការចូលរួមផងដែរពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលថ្នាក់ដឹកនាំមន្ត្រីរាជការ សិក្ខាកាមមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខណ្ឌថ្មីឆ្នាំ២០២៣នេះជាច្រើននាក់។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាប្រតិបត្តិករផ្នែកអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល សាលាភូមិន្ទរដ្ឋបាលបានបំពេញ មុខងារជាចម្បងលើការរៀបចំវគ្គបណ្តុះបណ្តាលដំបូង វគ្គបណ្តុះបណ្តាលបន្ត និងវគ្គបណ្តុះ បណ្តាលកិច្ចសហការ ជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានបណ្តុះបណ្តាលជាតិនិងអន្តរជាតិ និង ជាមួយដៃគូអភិវឌ្ឍន៍នានា។
ឯកឧត្តម យក់ ប៊ុនណា បញ្ជាក់បន្តថា ក្នុងក្របខណ្ឌគាំទ្រការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងអប់រំ យុវជន និង កីឡា សាលាភូមិន្ទរដ្ឋបាលបានរៀបចំវគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា និងការជ្រើសរើស ដោយនៅឆ្នាំ២០២២ សាលាបានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ជំនាន់ទី១ ឆ្នាំ២០២២ សរុបចំនួន ៩២ នាក់ក្នុងនោះស្រីចំនួន១៥នាក់ ដែលមានតំណែងថ្នាក់អគ្គនាយក និងថ្នាក់អនុប្រធាននាយកដ្ឋានឡើង ដោយបាន ចាប់ផ្តើមពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់នៅថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ ២០២៣។ ជាសក្ខីភាព នៅវេលាព្រឹកថ្ងៃនេះ សាលាបាននិងកំពុងរៀបចំពិធីបិទវគ្គបណ្តុះ បណ្តាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមដែលបានទទួលលទ្ធផលជោគជ័យ ចំនួន ៥៤ នាក់ក្នុងនោះស្រី១០នាក់។
ឯកឧត្តមបានបន្តថា បន្ថែមពីនេះ សាលាបានសហការ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ (ក្របខ័ណ្ឌជាមន្ត្រីគ្រប់គ្រងរដ្ឋបាល/ក្របខ័ណ្ឌ ក) សរុបចំនួន ១០០នាក់ ក្នុងនោះស្រី៣២នាក់ សម្រាប់ក្របខណ្ឌថ្មី ឆ្នាំ២០២៣នេះ៕ អត្ថបទ ៖ ភារម្យ



