នាយករដ្ឋមន្ត្រីអាមេនី បានថ្លែងប្រាប់សារព័ត៌មាន Wall Street Journal (WSJ) ក្នុងបទសម្ភាសមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ប្រទេសអាមេនី មើលមិនឃើញប្រយោជន៍ក្នុងការបន្តទីតាំងដល់ មូលដ្ឋានយោធារុស្ស៊ី នៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីអាស៊ែរបៃហ្សង់ ដណ្តើមយកតំបន់ជម្លោះណាហ្គ័រណូ- ការ៉ាបាក់មកគ្រប់គ្រងវិញ។
ប្រទេសអាស៊ែរបៃហ្សង់ បានដណ្តើមយកតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលត្រូវបានអន្តរជាតិចាត់ទុកថាជាទឹកដីរបស់អាស៊ែរបៃហ្សង់ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយជនជាតិអាមេនី ចាប់តាំងពីការដួលរលំ នៃសហភាពសូវៀត ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ នៅក្នុងប្រតិបត្តិការយោធាផ្លេកបន្ទោរមួយ កាលពីថ្ងៃទី២០ ខែកញ្ញា។
លោកនាយករដ្ឋមន្ត្រី នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បានថ្លែងប្រាប់សារព័ត៌មាន WSJ ថា៖ «ព្រឹត្តិការណ៍ទាំងនេះ បាននាំយើងទៅរកការសម្រេចចិត្ត ដែលយើងត្រូវធ្វើពិពិធកម្មទំនាក់ទំនងរបស់យើងនៅក្នុងវិស័យសន្តិសុខ ហើយយើងកំពុងព្យាយាមធ្វើវា ឥឡូវនេះ»។
វត្តមានយោធារបស់រុស្ស៊ីនៅអាមេនី រួមមានបន្ទាយយោធាស្ថិតក្នុងទីតាំងចំនួនពីរ និងមូលដ្ឋានទ័ពអាកាសមួយ។ ទីក្រុងម៉ូស្គូ បានមើលឃើញខ្លួនឯងជាយូរមកហើយថា ជាអ្នកធានាសន្តិសុខរបស់ប្រទេសអាមេនីនៅក្នុងតំបន់កូកាសខាងត្បូង (South Caucasus) ដែលងាយនឹងមានគ្រោះថ្នាក់ ជាតំបន់ដែលឆ្លងកាត់ដោយបំពង់បង្ហូរប្រេង និងឧស្ម័ន។

