បាល់ទាត់៖ ប្រធានក្រុមជំរើសជាតិអេស្ប៉ាញ Sergio Busquet បានធ្វើតេស្តរកឃើញវិជ្ជមាន Covid-19 ខណៈព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប នឹងចាប់ផ្ដើមចុងសប្តាហ៍នេះហើយមុន ៨ថ្ងៃប៉ុណ្ណោះនៃប្រកួតដំបូងរបស់អេស្ប៉ាញ។

លទ្ធផលវិជ្ជមានរបស់កីឡាករវ័យ ៣២ឆ្នាំរូបនេះធ្វើអោយក្រុមអេស្ប៉ាញទាំងមូល ត្រូវលុបចោលការប្រកួតមិត្តភាពកំដៅសាច់ដុំចុងក្រោយ ទល់នឹងលីទុយអានីយប់ស្អែក។ កីឡាករផ្សេងទៀតនៅក្នុងក្រុមសុទ្ធតែតេស្តអវិជ្ជមានទាំងអស់តែ Sergio Busquet និងអ្នកពាក់ព័ន្ធត្រូវបានដាក់អោយនៅដាច់ដោយឡែក។ ការប្រកួតទល់នឹងក្រុមលីទុយអានី អេស្ប៉ាញនឹងប្រើប្រាស់កីឡាករយុវជនអាយុក្រោម ២១ឆ្នាំ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ។
សំរាប់អ្នកគាំទ្រដែលបានជាវសំបុត្ររួចហើយនឹងត្រូវសងលុយវិញ ហើយសំរាប់អ្នកដែលនៅតែចង់ទៅទស្សនាការប្រកួតរបស់ U21 អេស្ប៉ាញនឹងទទួលការបញ្ចុះតំលៃខ្លះមកវិញ។ ក្រុមអេស្ប៉ាញនឹងចាប់ផ្ដើម Euro ២០២០ ដោយនឹងត្រូវជួបជាមួយស៊ុយអែតនៅទីក្រុង Seville ថ្ងៃទី១៤ ខែមិថុនានេះ មុនបន្តជួបប៉ូឡូញថ្ងៃទី១៩ និងចុងក្រោយជួបស្លូវ៉ាគីថ្ងៃទី២៣៕
អត្ថបទ៖នាង សុភាវុធ