យោងតាមរបាយការណ៍ដែលចេញផ្សាយដោយស្ថាប័នពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ២៥តុលា តំបន់ហ្កាហ្សា ត្រូវការប្រាក់រាប់ពាន់លានដុល្លារជាជំនួយសេដ្ឋកិច្ចពីអន្តរជាតិ ដើម្បីទូទាត់សងសម្រាប់ការរឹតបន្តឹងជាច្រើនឆ្នាំដែលបានរារាំងសេដ្ឋកិច្ចរបស់ខ្លួន និងទប់ស្កាត់ការអភិវឌ្ឍន៍របស់ខ្លួន ។
នៅក្នុងរបាយការណ៍របស់ខ្លួន ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃដែនដីប៉ាឡេស្ទីន ត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែលសម្រាប់ឆ្នាំ២០២២ សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត នៅតំបន់ហ្កាហ្សា សូម្បីតែមុនពេលការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីរងការឡោមព័ទ្ធ ជាការសងសឹកចំពោះការស្លាប់ដ៏សាហាវកាលពីថ្ងៃទី ៧ ខែតុលា ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែល។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោក រីឆាត កូហ្ស៊ូលវ៉េត(Richard Kozul-Wright) នាយកផ្នែកសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ស្តីពីសកលភាវូបនីយកម្ម និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ បាននិយាយថា មានការពិបាកក្នុងការវាយតម្លៃឱ្យបានពេញលេញថា តើត្រូវការប្រាក់ប៉ុន្មានដើម្បីទប់ទល់នឹងសេដ្ឋកិច្ចនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស។
របាយការណ៍បាននិយាយថា កាលពីឆ្នាំមុន ក្រុមអាជ្ញាធរប៉ាឡេស្ទីនបានទទួលត្រឹមតែ ២៥០ លានដុល្លារ ជាថវិកាគាំទ្រពីម្ចាស់ជំនួយ និង ៣០០លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នានា។
របាយការណ៍បាននិយាយថា ស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជននៅតំបន់ហ្កាហ្សា គ្មានការងារធ្វើហើយជាងពាក់កណ្តាលរស់នៅក្នុងភាពក្រីក្រ។ ទោះបីជាកម្មករនៅក្នុងតំបន់នេះ ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីផ្សារការងាររបស់អ៊ីស្រាអែលជាលើកដំបូងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ប៉ុន្តែចំនួន នៃការអនុញ្ញាតដែលបានចេញ ប្រហែល ១% នៃកម្មករដែលមានការងារធ្វើនៅតំបន់ហ្កាហ្សា គឺតិចតួចពេកក្នុងការទប់ទល់នឹងភាពក្រីក្រ៕
