ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១,៥លាននាក់។
នៅក្នុងពិធីបើកវគ្គវិក្រិតការគ្រូបច្ចេកទេស ស្តីពីវិធីសាស្រ្តបង្រៀននិងការប្រើប្រាស់ម៉ូឌុលតាមជំនាញដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ ឯកឧត្តមរដ្ឋមន្រ្តីការងារ បានមានប្រសាសន៍ឱ្យដឹងទៀតថា តាមរយៈកម្មវិធីនេះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចូលរៀនដោយមិនបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលផងដែរ។
មុខជំនាញដែលនឹងត្រូវផ្តល់ជូនក្នុងកម្មវិធីនេះមានចំនួនជាង៦០ ជំនាញ ក្នុងវិស័យដូចជា៖ សំណង់ , អគ្គីសនី អេឡិចត្រូនិច កម្មន្តសាល មេកានិច កសិកម្ម និងកសិ ឧស្សាហកម្ម ជួសជុលរថយន្ត តំឡើងប្រព័ន្ធទឹកជាដើម។
សូមបញ្ជាក់ថា ដើម្បីទទួលបានការសិក្សានេះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំ និងអាចចុះ ឈ្មោះតាមឃុំ សង្កាត់ដែលខ្លួនរស់នៅ ឬនៅគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមប្រព័ន្ធអេឡិចត្រូនិច៕








