រដ្ឋាភិបាលទីក្រុងសេអ៊ូល បានធ្វើការហ្វឹកហ្វឺនត្រួតពិនិត្យហ្វូងមនុស្ស កាលពីថ្ងៃពុធ (២៥ តុលា) នៅមុនខួបមួយឆ្នាំ នៃឧបទ្ទវហេតុប៉ះទង្គិចគ្នាកាលពីពិធីបុណ្យ Halloween ឆ្នាំមុន ដោយបង្ហាញកម្មវិធីដែលគាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្ត AI ដែលត្រូវបានរចនាឡើងដើម្បីស្វែងរក និងជូនដំណឹងអំពីលទ្ធភាពនៃចំនួនមនុស្សច្រើនលើសលប់នៅទីតាំងណាមួយ។

ប្រព័ន្ធព្រមានជាមុនមួយនេះ នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី៣១ ខែតុលា នៅថ្ងៃបុណ្យ Halloween ហើយនឹងមានកាមេរ៉ាសុវត្ថិភាព CCTV ចំនួន ៩០៩គ្រឿង នៅក្នុងទីតាំងសំខាន់ៗចំនួន ៧១កន្លែង ដែលនឹងវិភាគចលនាហ្វូងមនុស្ស និងដង់ស៊ីតេ ព្រមទាំងជូនដំណឹងដល់ក្រុមអាជ្ញាធរសម្រាប់សញ្ញាគ្រោះថ្នាក់ផ្សេងៗ។

ការសាកល្បងប្រព័ន្ធការពារមួយនេះ ត្រូវបានធ្វើឡើងនៅផ្លូវតូចចង្អៀតនៃបារ និងភោជនីយដ្ឋានជាច្រើនក្នុងទីក្រុងសេអ៊ូល ដែលមានអ្នកស្ម័គ្រចិត្តចំនួន ១៥០នាក់ បានប្រមូលផ្តុំគ្នាចូលទៅក្នុងផ្ទៃដីទំហំ ៣០ម៉ែត្រក្រឡា ដែលត្រូវបានត្រួតពិនិត្យដោយបុគ្គលិកនៅក្នុងបន្ទប់បញ្ជាមួយ។
កង្វះខាតទាំងស្រុងនៃការរៀបចំជាមុន វិធានការគ្រប់គ្រងហ្វូងមនុស្ស និងការអំពាវនាវជាដំបូងសម្រាប់ជំនួយដែលមិនមានការឆ្លើយតប ត្រូវបានស្តីបន្ទោសថាជាមូលហេតុចំពោះសោកនាដកម្មកាលពីមួយឆ្នាំមុន នៅក្នុងសង្កាត់កម្សាន្តពេលរាត្រី Itaewon របស់កូរ៉េខាងត្បូង ដែលកំណើននៃហ្វូងមនុស្ស នាំឱ្យមនុស្ស ១៥៩នាក់បានស្លាប់នៅក្នុងផ្លូវតូចចង្អៀតមួយនោះផងដែរ៕
