កម្មករសណ្ឋាគាររាប់ពាន់នាក់ បានបានចេញតវ៉ានៅតាមផ្លូវនានាក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២៥ តុលា) ដោយតវ៉ាទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារល្អប្រសើរជាងមុន។

បាតុករជាច្រើនស្លៀកពាក់ពណ៌ក្រហម អាចត្រូវបានគេឃើញដើរពាសពេញតំបន់ពាណិជ្ជកម្មនៅទីប្រជុំជនក្នុងទីក្រុង ខណៈសម្លេងភ្លេង និងស្គរបានបន្លឺឡើងតាមដងផ្លូវ។ បុគ្គលិកបម្រើភេសជ្ជៈ នៅសណ្ឋាគារ Beverly Wilshire ម្នាក់បាននិយាយនៅក្នុងការតវ៉ានេះថា កូដកម្មនេះ គឺដើម្បីទាមទារប្រាក់ឈ្នួលសមរម្យ ការថែទាំសុខភាព និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិក។

យោងតាមគេហទំព័ររបស់សហជីពរួបរួមក្នុងតំបន់ UHL-11 បានឲ្យដឹងថា ពួកគេតំណាងឱ្យកម្មករប្រហែល ១៥.០០០នាក់ ដែលធ្វើការនៅសណ្ឋាគារធំៗប្រហែល ៦០កន្លែង នៅទីក្រុង Los Angeles និងកន្លែងជាច្រើនទៀតក្នុងតំបន់ Orange Counties។ សមាជិករបស់សហជីពនេះរួមមានចុងភៅ អ្នកបម្រើក្នុងបន្ទប់សណ្ឋាគារ អ្នកលាងចាន អ្នកបម្រើអាហារ អ្នកកាន់ឥវ៉ាន់ និងភ្នាក់ងារទទួលភ្ញៀវជាដើម។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សណ្ឋាគារមួយចំនួនតូច បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយសហជីព និងកម្មកររបស់ខ្លួន។ អ្នកនាំពាក្យសហជីព UHL-11 និយាយថា នៅមានការងារជាច្រើនទៀតត្រូវធ្វើ ជាមួយនឹងសណ្ឋាគារដែលនៅមិនព្រមឈានដល់កិច្ចព្រមព្រៀងជាមួយបុគ្គលិក៕