បុរសមានវ័យជិត ៧០ ឆ្នាំម្នាក់ឈ្មោះ សែម ដឹម រស់នៅភូមិទួលលៀប សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានអាការភ្នែកស្រវាំង មើលមិនឃើញ ដោយសារជំងឺទឹកនោមផ្អែម ដែលបណ្តាលឱ្យមានបញ្ហាហូរឈាមបាតភ្នែក និងរបើកសរសៃបាតភ្នែក ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត។
ដោយក្តីសប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, សម្ដេចធិបតី និងលោកជំទាវ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA ជួយព្យាបាលភ្នែកទាំងសងខាងរបស់គាត់នៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានដោយជោគជ័យ។
បច្ចុប្បន្នភ្នែករបស់បុរសវ័យជិត ៧០ ឆ្នាំរូបនេះ អាចមើលឃើញសាជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយ ព្រមទាំងគោរពអរគុណចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិតជាអនេក។
សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក របស់អ្នកជំងឺរូបនេះ ត្រូវបានឧបត្ថម្ភទំនុកបម្រុងទាំងស្រុងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕ ដោយ៖ គង់ ឌិន

