ស្នងការនគរបាលក្រុង Lewiston នៅលើបណ្ដាញសង្គម Facebook បានកំណត់អត្តសញ្ញាណមនុស្សម្នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធការបាញ់ប្រហារនៅក្លឹបកម្សាន្ត មួយកន្លែង និងកន្លែងលេងប៊ូលីង កាលពីថ្ងៃពុធ ទី២៥តុលា មានឈ្មោះថា Robert Card វ័យ៤០ឆ្នាំ ដោយនិយាយថា រូបគេគួរតែត្រូវចាត់ទុកថាជាជនប្រដាប់អាវុធ និងបុគ្គលគ្រោះថ្នាក់។

ដំបូង នគរបាល បានបង្ហោះរូបថតជនមិនស្គាល់អត្តសញ្ញាណ ដោយភ្ជុងនូវអ្វីដែលទំនងជាកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ បន្ថែមពីលើរូបថតថរយន្ត SUV បណ៌ស ស្នើដល់សាធារណជនឲ្យជួយកំណត់អត្តសញ្ញាណជនសង្ស័យផងដែរ ។
ការិយាល័យនគរបាលតំបន់អានដ្រូស្កូជីន(Androscoggin) បានបង្ហោះរូបថតជនសង្ស័យ២សន្លឹកនៅលើបណ្ដាញសង្គម Facebook ដោយនិយាយថា ជនសង្ស័យរូបនេះនៅកំពុងគេចខ្លួននៅឡើយទេ។

សារព័ត៌មាននានាបានរាយការណ៍ដោយសំអាងប្រភពីនគរបាលថា មនុស្សយ៉ាងហោចណាស់២២នាក់ បានស្លាប់ និងចន្លោះពី៥០ទៅ៦០ នាក់ បានរងរបួសក្នុងការបាញ់ប្រហារសម្លាប់រង្គាល នៅទីតាំងមួយចំនួន រួមទាំងកន្លែងបោះប៊ូលីង និងក្លឹបកម្សាន្តរាត្រីក្នុងទីក្រុង Lewiston រដ្ឋ Maine សហរដ្ឋអាមេរិក ។
នគរបាលរាប់រយនាក់ បានឡោមព័ទ្ធទីប្រជុំជន Lisbon នៃរដ្ឋ Maine នៅថ្ងៃជាមួយគ្នានោះ ដើម្បីស្វែងរកជនសង្ស័យ ជាទីដែលគេបានប្រទះឃើញរថយន្តរបស់ខ្មាន់កាំភ្លើងជាជនសង្ស័យ៕