តំបន់ហ្កាហ្សា ស្ទ្រីប ដែលត្រូវបានហ៊ុមព័ទ្ធ នៅតែត្រូវការប្រេងឥន្ធនៈជាបន្ទាន់ ដើម្បីផ្តល់ថាមពលដល់បរិក្ខារពេទ្យ និងមធ្យោបាយធ្វើដំណើរសម្រាប់ក្រុមសង្រ្គោះ សូម្បីតែបន្ទាប់ពីក្បួនរថយន្តជំនួយមនុស្សធម៌ចំនួនបីគ្រឿង បានចូលដល់តំបន់ឆ្នេរមួយនេះ ពីប្រទេសអេហ្ស៊ីប កាលពីចុងសប្តាហ៍មុនក៏ដោយ។

រថយន្តដឹកទំនិញជាច្រើនគ្រឿង បានបញ្ជូនស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តជាបន្ទាន់ ដល់សហគមន៍ប៉ាឡេស្ទីន នៅក្នុងតំបន់រងគ្រោះ ប៉ុន្តែប្រេងសាំង និងម៉ាស៊ូត មិនត្រូវបានរាប់បញ្ចូលក្នុងជំនួយនោះទេ។
យោងតាមបុគ្គលិកនៅមន្ទីរពេទ្យ Al Aqsa Martyrs នៅភាគកណ្តាលតំបន់ហ្កាហ្សា បានឲ្យដឹងថា នៅតែរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ មុនពេលដែលកន្លែងនេះត្រូវបានបង្ខំឱ្យបិទទាំងស្រុង។
មន្ទីរពេទ្យត្រូវការឥន្ធនៈ ដើម្បីផ្តល់ថាមពលដល់ម៉ាស៊ីនភ្លើង ដែលដំណើរការរោងចក្រចម្រោះទឹកស្អាត និងផ្គត់ផ្គង់ទឹកស្អាត។ ក្រុមវេជ្ជបណ្ឌិតនៅតំបន់ហ្កាហ្សា បានអំពាវនាវដល់អ្នកស្រុកឲ្យបរិច្ចាគប្រេងដែលពួកគេស្តុកទុកដល់មន្ទីរពេទ្យ។
វេជ្ជបណ្ឌិតក្នុងតំបន់បានសង្កត់ធ្ងន់ថា ប្រេងឥន្ធនៈមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការជួយដល់អ្នកជំងឺដែលពឹងផ្អែកលើការថែទាំខ្លាំង អង្គភាពមុនពេលសម្រាល និងបន្ទប់វះកាត់ជាដើម។

កង្វះខាតប្រេងឥន្ធនៈនេះ ក៏កំពុងប៉ះពាល់ដល់មុខងាររបស់គ្រូពេទ្យ និងក្រុមការពារជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សាផងដែរ។ អង្គការសុខភាពពិភពលោកបានព្រមានថា រៀងរាល់ម៉ោងនៃការពន្យារពេលក្នុងការផ្តល់ជំនួយបន្ថែមដល់តំបន់រងគ្រោះទាំងនោះ បានធ្វើឱ្យមានហានិភ័យកាន់តែខ្លាំងឡើងដល់អាយុជីវិតមនុស្ស៕