ក្រុមតស៊ូមតិប្រឆាំងការបរិហារកេរ្តិ៍ (ADL) បាននិយាយកាលពីថ្ងៃពុធ (២៥ តុលា) ថា ឧបទ្ទវហេតុប្រឆាំងជនជាតិជ្វីហ្វ នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងប្រហែល ៤០០% ក្នុងរយៈពេលជាងពីរសប្តាហ៍ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា មក។

ទិន្នន័យរបស់ក្រុមតស៊ូមតិ ដែលបង្ហាញពីការកើនឡើងចំនួន ៣៨៨% នៃឧប្បត្តិហេតុប្រឆាំងនឹងជនជាតិជ្វីហ្វ នៅសហរដ្ឋអាមេរិក ចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី២៣ ខែតុលា លើសពីតួលេខឆ្នាំមុននេះ បានកើតឡើងស្របពេលមានការត្រួតពិនិត្យដោយក្រុមអាជ្ញាធរអាមេរិក អំពីការគំរាមកំហែងក្នុងស្រុកដោយសារជម្លោះដ៏បង្ហូរឈាមនោះ។

ក្នុងចំណោមឧទាហរណ៍ ដែលត្រូវបានលើកឡើងដោយទីភ្នាក់ងារ ADL ត្រូវបានចោទប្រកាន់ថា មានការរំលោភលើរាងកាយ សារគំរាមកំហែងបែបហិង្សាតាមអ៊ីនធឺណិត ជាពិសេសនៅលើវេទិកាផ្ញើសារ តេឡេក្រាម និងការប្រមូលផ្តុំគ្នាតវ៉ាជាច្រើន ដែលទីភ្នាក់ងារតស៊ូមតិ ADL បានរកឃើញថា មានការគាំទ្រយ៉ាងខ្លាំងក្លាចំពោះក្រុមហាម៉ាស និងអំពើហិង្សាលើជនជាតិជ្វីហ្វ ក្នុងប្រទេសអ៊ីស្រាអែល។
ការប្រឆាំងជនជាតិជ្វីហ្វ បានកើនឡើងរួចទៅហើយនៅក្នុងសហរដ្ឋអាមេរិក នៅមុនពេលសង្រ្គាមកើតឡើង ដោយឧប្បត្តិហេតុប្រឆាំងនឹងជនជាតិជ្វីហ្វ ជាង ៣.៧០០ករណី ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២២ ដែលច្រើនជាងឆ្នាំណាៗទាំងអស់ ចាប់តាំងពីទីភ្នាក់ងារ ADL បានចាប់ផ្តើមតាមដានបញ្ហានេះ តាំងពីឆ្នាំ១៩៧៩ មក៕