រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (២៥ តុលា) ថា ជាងពាក់កណ្តាលនៃចំណាប់ថ្នូរ ដែលបានប៉ាន់ស្មានចំនួន ២២០នាក់ ដោយត្រូវបានឃុំខ្លួនដោយក្រុមប៉ាឡេស្ទីនហាម៉ាស មានលិខិតឆ្លងដែនបរទេស មកពី ២៥ប្រទេសផ្សេងៗគ្នា រួមទាំងជនជាតិថៃចំនួន ៥៤នាក់ផងដែរ។

ក្នុងការផ្តល់នូវតួលេខថ្មីៗ រដ្ឋាភិបាលអ៊ីស្រាអែលក៏បាននិយាយផងដែរថា មនុស្សចំនួន ៣២៨នាក់ មកពី ៤០ប្រទេស ត្រូវបញ្ជាក់ថាបានស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលសរុបមកដល់ពេលនេះ ពលរដ្ឋអ៊ីស្រាអែលប្រហែល ១.៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ។

អ៊ីស្រាអែលបាននិយាយថា ចំណាប់ថ្នូរចំនួន ១៣៨នាក់ មានលិខិតឆ្លងដែនបរទេស ក្នុងនោះរួមមានជនជាតិអាហ្សង់ទីន ១៥នាក់ អាល្លឺម៉ង់ ១២នាក់ អាមេរិក ១២នាក់ បារាំង ៦នាក់ និងរុស្ស៊ី ៦នាក់។
ក្នុងចំណោមប្រទេសបរទេសផ្សេងទៀត ដែលរងការខាតបង់ខ្លាំងជាងគេនោះ គឺសហរដ្ឋអាមេរិក ដែលមានពលរដ្ឋស្លាប់ចំនួន ៣៤នាក់ និងបាត់ខ្លួន ៥នាក់ ហើយអ៊ុយក្រែនមានអ្នកស្លាប់ ២៥នាក់ និងបាត់ខ្លួន ២នាក់ ចំណែកបារាំង មានអ្នកស្លាប់ ២៣នាក់ និងបាត់ខ្លួនម្នាក់ ព្រមទាំងរុស្ស៊ី មានអ្នកស្លាប់ ២៣នាក់ ហើយនិងមនុស្សបាត់ខ្លួន ៤នាក់ផងដែរ៕