ឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា អ៊ីស្រាអែល នឹងបដិសេធមិនផ្តល់ទិដ្ឋាការដល់បណ្ដាមន្ត្រីអង្គការសហប្រជាជាតិ ខណៈជម្លោះរបស់អ៊ីស្រាអែល ជាមួយអង្គការអន្តរជាតិមួយនេះកាន់តែស៊ីជម្រៅ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឲ្យដឹងថា លោក Gilad Erdan បានធ្វើសេចក្តីថ្លែងការណ៍បែបនេះកាលពីថ្ងៃពុធ (២៥ តុលា) ខណៈជម្លោះជុំវិញសុន្ទរកថារបស់ប្រធានអង្គការសហប្រជាជាតិ នៅមុខក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃមុននោះ នៅតែបន្ត។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់ដោយប្រយោលទៅលើអ៊ីស្រាអែល ចំពោះការបញ្ជាឱ្យមានការជម្លៀសជនស៊ីវិលពីភាគខាងជើងទៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ស្ទ្រីប។

លោកក៏បាននិយាយផងដែរថា ការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា មិនបានកើតឡើង «ដោយគ្មានហេតុផលនោះទេ» ខណៈពលរដ្ឋប៉ាឡេស្ទីន ត្រូវបាន «ទទួលរងនូវការគៀបសង្កត់អស់រយៈពេល ៥៦ឆ្នាំមកហើយ»។
សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ប្រទេសជាច្រើនបានស្វាគមន៍ «ការលើកឡើងប្រកបដោយតុល្យភាព» របស់លោក Guterres នេះ ប៉ុន្តែទោះយ៉ាងណាក៏ដោយ អ៊ីស្រាអែល មានការ «ខឹងសម្បារយ៉ាងខ្លាំង» ហើយក្រុមមន្ត្រីរបស់ខ្លួន បានអំពាវនាវឱ្យប្រធានអង្គការសហប្រជាជាតិរូបនេះ លាលែងពីតំណែងផងដែរ៕