សៀមរាប ៖ ក្រុមយុវជនសាយ ត្រូវបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមជាមួយអភិបាលខេត្ដ ក្រុង សប្បុរសជន លោកឧក ញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ខេត្ដព្រះសីហនុ និងតំណាងសាខាសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) សមាគមនិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន (អមត) ខេត្ដព្រះសីហនុ ដើម្បីរៃអង្គាសថវិកាជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប ដែលផ្តល់សេវាសុខភាពសម្រាប់កុមារ កម្ពុជា ដោយមិនគិតថ្លៃ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្ដព្រះសីហនុ បានថ្លែងថា ឯកឧត្ដម មានសេចក្ដីរីករាយចំពោះកម្មវិធីមនុស្សធម៌ នេះ ដែលយុវជនកម្ពុជា ចេះបណ្ដុះគំនិត បំផុសស្មារតីឱ្យយុវជន ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយ ឱ្យចូលរួមការងារ សង្គម ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាអនាម័យ បរិស្ថាន ដើម្បីសុខភាព និងការអភិវឌ្ឍសង្គមជាតិឱ្យរីក ចម្រើនជឿនលឿន។
ឯកឧត្ដម បានជំរុញអាជ្ញាធរ និងសមត្ថកិច្ចតាមតំបន់ ឱ្យចូលរួមគាំទ្របេសកកម្មនេះឱ្យបានសម្រេច ជោគជ័យ ដើម្បីនាំយកថវិកាទៅជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប និងដើម្បីការអភិវឌ្ឍសង្គមជាតិ។
លោក សាយ ជាប្រធានគម្រោងកម្មវិធីរត់ដើម្បីមនុស្សធម៌ជាមួយសាយ និយាយថា លោក គឺជាសិល្បករម្នាក់ នៅ ក្នុងគម្រប់ខួបអាយុ៣០ឆ្នាំ ដោយលោកបានបង្កើតកម្មវិធីរត់ដើម្បីមនុស្សធម៌ជាមួយសាយ ដើម្បី តបស្នងសងគុណ ប្រទេសជាតិវិញ ដោយធ្វើការងារសង្គម ក្នុងនោះលោកបានជ្រើសរើសយកការរត់ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកា ជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប។
កម្មវិធីរត់ដើម្បីមនុស្សធម៌ជាមួយសាយ សហការគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក មន្ទីរ ពេទ្យកុមារអង្គរ ខេត្ដសៀមរាប និងប្រព័ន្ធផ្សព្វផ្សាយសាបាយ ក្នុងរយៈពេល៩៩ថ្ងៃនេះ ដើម្បីរៃអង្គាសថវិកាឱ្យបានចំនួន ១ពាន់លានរៀល ដើម្បីជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប។ កម្មវិធីនេះ លោក និងក្រុមការងារ បាន ចាប់ផ្ដើមរត់ចេញពីរាជធានីភ្នំពេញ ឆ្លងកាត់២១ខេត្ដ ជុំវិញប្រទេសកម្ពុជា រហូតដល់ចុងបញ្ចប់ នៅក្រុងតាខ្មៅ ដែលមាន ប្រវែងផ្លូវរត់សរុបប្រមាណជាង២ពាន់៥រយគីឡូម៉ែត្រ៕
អត្ថបទ៖ គង់ ប៊ុនថា






