ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅបានលើកឡើងជាសំណើ និងសំណូមពរជាច្រើនដែលសំណើរ និងសំណូមពរទាំងនោះ មានការយកពន្ធដារលើអចលនទ្រព្យ ក៏ជារឿងសំខាន់ ដែលប្រជាពលរដ្ឋបានលើកឡើងជាច្រើននាក់ផងដែរ ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធជួយដោះស្រាយ។

ការលើកឡើងរបស់ប្រជាពលរដ្ឋនេះបានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតី ឯកឧត្តម ជួប ខុន តំណាងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី។

ពលរដ្ឋបានលើកឡើងថា ការប្រមូលពន្ធទៅលើដី ផ្ទះសំបែងរបស់ពួកគាត់ ត្រូវបានមន្ត្រីយកពន្ធ យកលើសកំណត់ បើទោះបីចំណែកដីខាងមុខផ្ទះរបស់គាត់ត្រូវបានរដ្ឋកាត់យកជាចំណីផ្លូវសាធារណៈហើយក្តី ក៏ខាងពន្ធដារ នៅតែគិតតម្លៃដូចមុន ពោលគឺដីដែលបានកាត់នោះនៅតែបង់លុយដដែល។ ប្រជាពលរដ្ឋដូចគ្នាក៏បានលើកឡើងថា ពួកគាត់មិនបានដឹងថា ផ្ទះរបស់គាត់ជាប់ពន្ធនោះទេ តែបែរជាមន្ត្រីពន្ធដារយកវិក័យប័ត្រមកបង្ហាញជាមួយនឹងការផាកពិន័យជាង ១០លានរៀល ខណៈដែលពួកគាត់មិនបានដឹងទាល់តែសោះ។ ក្រៅពីការលើកឡើងពាក់ព័ន្ធនឹងវិស័យពន្ធដារខាងលើ ការបង់ថ្លៃសំរាមសូមឱ្យដាក់ជាវិក័យប័ត្រតែ១។ ការសុំការជួសជុលស្ពានព្រែកអ្នកតាវាំង ការសូមដោះស្រាយបញ្ហាប្រឡាយបង្ហូរទឹក ការសូមស្ថាបនាលូ ការសុំតបណ្ដាញទឹកស្អាត និងការសុំឲ្យក្រុមហ៊ុនស៊ីនទ្រីដាក់រទេះតូចៗដឹកសំរាមតាមផ្លូវតូចៗក៏ជាការលើកឡើង និងជាការស្នើសុំរបស់ប្រជាពលរដ្ឋទៅកាន់អាជ្ញាធរក្នុងវេទិកានេះផងដែរ។

ពាក់ព័ន្ធនឹងសំណើ និងសំណូមពរប្រជាពលរដ្ឋពាក់ព័ន្ធនឹងពន្ធដារនេះត្រូវបានមន្ត្រីពន្ធដារ លើកឡើងថា ការបង់ពន្ធអចលនៈទ្រព្យ ចាប់ពីពេលនេះទៅរហូតដល់ចុងឆ្នាំ២០២៤ ការបង់ពន្ធអចនទ្រព្យនេះ គឺមិនត្រូវបានផាកពិន័យនោះទេ ពោលគឺបងប្អូនប្រជាពលរដ្ឋដែលជាប់ពន្ធអាចទៅបង់ពន្ធទៅតាមតម្លៃពន្ធតែប៉ុណ្ណោះ មិនមានការផាកពិន័យទេ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅក្នុងឱកាសនោះបាន បកស្រាយបំភ្លឺជុំវិញការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ដោយអាជ្ញាធរនឹងពិនិត្យលទ្ធភាព ដើម្បីធ្វើទៅតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ។

លោក ស៊ុយ សេរិទ្ធ បានលើកឡើងថា វេទិកានេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើរ និងសំណូមពរដោយផ្ទាល់មាត់ចំនួន ១៣នាក់ និងសំណើរជាលាយលក្ខណ៍អក្សរចំនួន ៧៨ច្បាប់ ហើយរាល់សំណើរ និងសំណូមដោយផ្ទាល់មាត់នេះ ត្រូវបានស្រាយបំភ្លឺរួចរាល់ និងបន្តតាមដានពីវឌ្ឍនៈភាពបន្តទៀត ។ ចំពោះសំណើរជាលាយលក្ខណ៍អក្សររទាំង ៧៨ច្បាប់ ក្រុមការងារនឹងប្រជុំពិភាក្សាពិនិត្យលទ្ធភាពដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល។
ឯកឧត្តម ជួប ខុន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានជាដើម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



