នគរបាលប្រទេសវ៉េណេស៊ុយអេឡា បានសម្រុកចូលពន្ធនាគារមួយកន្លែង នៅភាគខាងជើង ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធ ក្នុងបេសកកម្មប្រឆាំងជនអន្ធពាលរបស់រដ្ឋាភិបាល ដែលស្វែងរកការដណ្តើមយកមកវិញការគ្រប់គ្រងពន្ធនាគារ។

វីដេអូដែលបានចែករំលែក ដោយរដ្ឋាភិបាល បានបង្ហាញពីនគរបាល ត្រូវបានដាក់ពង្រាយនៅខាងក្នុងពន្ធនាគារ និងបានបង្ហាញពីអាវុធដែលរឹបអូសបាន នៅក្នុងមណ្ឌលពន្ធនាគារជាតិ នៅទីក្រុង Valencia ដែលគេស្គាល់ថាជាពន្ធនាគារ Tocuyito ។
រដ្ឋមន្ត្រីសន្តិសុខ យុត្តិធម៌ និងសន្តិភាព លោក Remigio Ceballos បាននិយាយថាពន្ធនាគារ Tocuyito គឺជាមណ្ឌលពន្ធនាគារដែលមានមនុស្សច្រើនបំផុត នៅក្នុងប្រទេសនេះ ដោយមានអ្នកទោសជាង២.០០០នាក់។
សាច់ញាតរបស់អ្នកទោស បានមកប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ ដើម្បីស្វែងរកព័ត៌មានអំពីការផ្លាស់ប្តូរដែលអាចធ្វើទៅបានទៅកាន់ទីតាំងផ្សេងទៀតនៃមនុស្សជាទីស្រលាញ់របស់ពួកគេ។

បេសកកម្មនេះ កើតមានឡើង មិនដល់មួយខែនោះទេ បន្ទាប់ពីប្រតិបត្តិការប្រឆាំងជនអន្ធពាលមួយផ្សេងទៀត នៅក្នុងពន្ធនាគារ Tocoron ជាកន្លែងដែល រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បាននិយាយថា ខ្លួនបានរំលាយចោលក្រុមជនអន្ធពាលឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់ ដែលគេស្គាល់ថាក្រុម Tren de Aragua ។