បាត់ដំបង៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះ ដោយជំនន់ទឹកភ្លៀងជាង ១ពាន់គ្រួសារ នៅតាមបណ្ដាក្រុងស្រុកចំនួន ៧ នៃខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំមកនូវព្រះរាជបន្ទូល និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹក និងមនោសញ្ចេតនាជាប់ជានិច្ចជាមួយប្រជានុរាស្ត្រកូនចៅ និងប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោកជំទាវអគ្គលេខាធិការ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវសម្អាតអនាម័យបរិស្ថានជុំវិញផ្ទះ ដោយកុំចាត់ជម្រកមូសមានដូចជា សំបកដូង សំបងកង់ កង់ម៉ូតូ កង់ឡាន ឬវត្ថុដែលអាចដក់ទឹកបាន ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម គ្រុនឈីក និងហ្ស៊ីកាជាដើម ខណៈជំងឺគ្រុនឈាមឆ្លងលើមនុស្សគ្រប់វ័យ។
លោកជំទាវ បានក្រើនរំលឹកដល់ស្ត្រីដែលមានផ្ទៃពោះសូមទៅពិនិត្យសុខភាពយ៉ាងតិច ៤ដងមុនសម្រាលជាពិសេសត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាពព្រោះនៅទីនោះមានឆ្មបជំនាញដែលវិជ្ជាជីវៈច្បាស់លាស់ ហើយស្ត្រីដែលទើបសម្រាលកូនរហូតដល់កុមារមានអាយុដល់២ឆ្នាំសូមទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ចំនួនដែលក្រសួងសុខាភិបាលបានកំណត់។
លោកជំទាវ លើកឡើងបន្ថែមថា សម្រាប់ការងារបរិស្ថាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានគឺយកចិត្តទុកដាក់ខ្លាំងណាស់ ហើយជានិច្ចកាល កាកបាទក្រហមកម្ពុជា មានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា តែងតែមានសកម្មភាពដាំដើមឈើជារៀងរាល់ឆ្នាំ ហើយថ្មីៗនេះ កាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" ហេតុដូចនេះ លោកជំទាវអគ្គលេខាធិការ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាការចាប់ផ្តើមដំបូង សូមកុំប្រើប្រាស់ថង់ប្លាស្ទិក១ថ្ងៃក្នុងមួយសប្តាហ៍។
លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដែលបានយកចិត្តទុក្ខដាក់ និងបានចុះពិនិត្យស្ថានភាពទឹកទំនន់ និងស្នើសុំជំនួយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង តំណាងឱ្យប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានយកចិត្តទុកដាក់ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង៕