វិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើងនៅតំបន់ហ្គាហ្សា កំពុងនាំឲ្យមានការថ្កោលទោសពីក្រុមមេដឹកនាំពិភពលោក។
លោកអង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស។

លោក បានថ្កោលទោសការសម្លាប់រង្គាល ដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ប៉ុន្តែក៏បាននិយាយថា «ការវាយប្រហារគួរឲ្យរន្ធត់ទាំងនោះ មិនអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការដាក់ទណ្ឌកម្មរួមរបស់ប្រជាជនប៉ាឡេស្ទីនបានទេ» ។

ទោះបីជាមានការអំពាវនាវក៏ដោយ អ៊ីស្រាអែល កំពុងបន្តយុទ្ធនាការទម្លាក់គ្រាប់បែកលើទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស ហើយការរំពឹងទុកនៃការលុកលុយរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សានៅតែអាចកើតឡើង។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឲ្យលោក ហ្គុយតឺរេស លាលែងពីតំណែងកាលពីថ្ងៃអង្គារ បន្ទាប់ពីលោក បានអំពាវនាវឲ្យមានបទឈប់បាញ់។
កាលពីថ្ងៃពុធ លោកហ្គុយតឺរេស បានច្រានចោល«ការបកស្រាយខុស»នូវសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គាររបស់ខ្លួន។
លោកអគ្គលេខាធិការ បាននិយាយថា៖«ខ្ញុំភ្ញាក់ផ្អើលជាមួយនឹងការបកស្រាយខុសដោយអ្នកខ្លះនូវសេចក្តីថ្លែងការណ៍របស់ខ្ញុំ កាលពីម្សិល មិញ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ប្រសិនបើខ្ញុំបង្ហាញភាពត្រឹមត្រូវចំពោះអំពើភេរវកម្មដោយក្រុមហាម៉ាស។ «នេះគឺមិនពិត ហើយវាផ្ទុយពីនេះ»។