សេចក្តីថ្លែងការណ៍រួម ដែលបានចេញនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់អាវុធ និងយុទ្ធោបករណ៍របស់ប្រទេសកូរ៉េខាងជើងទៅឲ្យប្រទេសរុស្ស៊ី និងបាននិយាយថា ពួកគេបានបញ្ជាក់ពីការដឹកជញ្ចូនអាវុធជាច្រើន។

ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានបដិសេធការផ្ទេរអាវុធ ពីប្រទេសកូរ៉េខាងជើងសម្រាប់ការប្រើប្រាស់ក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ក្នុងពេលមានរបាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន និងក្រុមអ្នកស្រាវជ្រាវ បាននិយាយពីសកម្មភាពដែលបានបង្ហាញនាវាជាច្រើនគ្រឿងផ្ទុកទូទំនិញដែលទំនងជាអាវុធ រវាងកំពង់ផែរបស់ប្រទេសទាំងពីរ។

ខណៈវាពុំអាចធ្វើទៅបានដើម្បីបញ្ជាក់ពីចំនួននៃការដឹកជញ្ជូន របាយការណ៍បាននិយាយថា ទូទំនិញមកពីប្រទេសកូរ៉េខាងជើង ក្រោយមកត្រូវបានគេឃើញដឹកជញ្ចូនទៅកាន់ទីតាំងស្តុកគ្រាប់រំសេវរបស់រុស្ស៊ី នៅជិតព្រំដែនជាមួយអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ និយាយថា សាធារណៈរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន បានថ្កោលទោសយ៉ាងខ្លាំងចំពោះការផ្តល់យុទ្ធោបករណ៍ និងគ្រាប់រំសេវ ធ្វើឡើងដោយសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ទៅឲ្យសហព័ន្ធរុស្ស៊ីសម្រាប់ការប្រើប្រាស់ប្រឆាំងរដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ ដែលចេញដោយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងបី បាននិយាយថាការដឹកជញ្ជូនអាវុធទាំងនេះ ភាគច្រើនដែលយើងបានអះអាងនៅពេលនេះបានបញ្ចប់រួចហើយ ដែលនឹងបង្កើនយ៉ាងសំខាន់នូវចំនួនអ្នកស្លាប់ពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍និយាយថា ប្រទេសកូរ៉េខាងជើង កំពុងស្វែងរកជំនួយយោធាពីប្រទេសរុស្ស៊ី ដើម្បីជំរុញសមត្ថភាពយោធារបស់ខ្លួនជាថ្នូរទៅនឹងការគាំទ្រអាវុធរបស់ខ្លួនទៅឲ្យទីក្រុងមូស្គូ។