មណ្ឌលគិរី ៖ ស្របពេលដែលជំងឺភ្នែកក្រហមបានឆ្លងរាលដាលនៅតាមបណ្ដារាជធានីខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងខេត្តមណ្ឌលគិរីក៏មានករណីឆ្លងជំងឺភ្នែកក្រហមនេះដែរ ដោយតាមបណ្ដាស្រុកទាំង៤របស់ខេត្ត មានមនុស្សរាប់សិបនាក់បានឆ្លង ប៉ុន្តែរហូតមកពេលនេះ មន្ត្រីជំនាញបានបញ្ជាក់ថា ការឆ្លងរាលដាលជំងឺភ្នែកក្រហមក្នុងខេត្តពុំមានទៀតទេ។
លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងតាមទូរសព្ទនៅរសៀលថ្ងៃទី២៦ តុលានេះថា គិតរហូតមកដល់ពេលនេះសម្រាប់មណ្ឌលគិរី មិនមានអ្នកជំងឺភ្នែកក្រហមទៀតនោះទេ ពោលគឺអ្នកជំងឺទាំងអស់បានជាអស់ហើយ តាំងពីប៉ុន្មានថ្ងៃមុនមកម្ល៉េះ ។ លោកបន្តថា ជំងឺភ្នែកក្រហមនឹងជាទៅវិញយ៉ាងឆាប់រហ័សប្រសិនមានការធ្វើអនាម័យត្រឹមត្រូវ ដូចជាការលាងដៃញឹកញាប់ជាមួយសាប៊ូ ដាក់ថ្នាំភ្នែក និងការធ្វើអនាម័យផ្សេងទៀតជុំវិញការរស់នៅប្រចាំថ្ងៃ ឬទៅយកថ្នាំតាមមណ្ឌលសុខភាពនានា ។
លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៩ តុលា ២០២៣ នៅខេត្តមណ្ឌលគិរី ក៏មានការឆ្លងជំងឺភ្នែកក្រហមសរុបចំនួន ៧២ករណី ក្នុងនោះស្រុកកោះញែក ៤៤ករណី ស្រុកពេជ្រាដា ១៤ករណី និងស្រុកអូររាំង ១៤ករណី ។ ហើយមន្ត្រីសុខាភិបាលខេត្តមណ្ឌលគិរី ក៏បានចុះតាមគោលដៅនានា ដូចជាសាលារៀន តាមភូមិផ្សេងៗ ដើម្បីអប់រំពីការធ្វើអនាម័យបង្ការឆ្លងជំងឺភ្នែកក្រហម និងឲ្យថ្នាំដាក់ភ្នែក ថ្នាំបញ្ចុះកម្ដៅ ៕ ដោយ ៖ អុីត ភារម្យ




